ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

CAMSOC បង្ហើបគម្រោង និងដៃគូសហការ រៀបចំពិធីបើក និងបិទព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

១២ មិថុនា ២០២០ | កីឡា

បន្ទាប់ពីគណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានមានប្រសាសន៍ថា ក្នុងកិច្ចប្រជុំដែលដឹកនាំដោយឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC គឺពិភាក្សាគ្នាលើផែនការរៀបចំពិធីបើក និងបិទ ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ។

 


ផ្ដល់បទសម្ភាសដល់ក្រុមអ្នកយកព័ត៌មានកីឡា ពេលបញ្ចប់កិច្ចប្រជុំ នាទីស្នាក់NOCC អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដដែល បានមានប្រសាសន៍បង្ហើបពីគ្រោងឆ្អឹង និងដៃគូសហការ ក្នុងការធ្វើពិធីបើក និងបិទ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រក្នុងវិស័យកីឡានៅកម្ពុជាយ៉ាងដូច្នេះ។

 


«យើងកំពុងតែរៀបចំនូវផែនការគ្រោងមួយដែលមានដំណើរវិវឌ្ឍន៍ពីនីតិវិធីនៃការងារពីមួយជំហាន ទៅមួយជំហាន ពាក់ព័ន្ធនឹងមុនដំបូងយើងត្រូវរត់ភ្លើងគប់ តើយើងត្រូវធ្វើការទទួលយកភ្លើងគប់ ឬគេហៅថាភ្លើងកីឡាស៊ីហ្គេមហ្នឹងរបៀបម៉េច ដំណើរការនៃវិវឌ្ឍន៍របស់វា ហើយនឹងធ្វើការរៀបចំពិធីបើកបិទ មានទស្សនីយភាពធំៗអីខ្លះ ដើម្បីបង្ហាញសក្ដានុពលវប្បធម៌ សេដ្ឋកិច្ច និងសក្ដានុពលជាតិទាំងមូលហ្នឹង។ ថ្ងៃនេះយើងបានសម្រេចទៅលើគម្រោងឆ្អឹង នៃផែនការរៀបចំពិធីបើក-បិទហើយ ហើយពិធីបើក-បិទនេះ យើងមិនមែនធ្វើតែយើងទេ ជាពិសេសគឺមានវប្បធម៌ជាស្នូលមួយ ហើយមានគេហៅថាក្រុមជំនាញការមកពីសារណរដ្ឋប្រជាមានិតចិន ដែលត្រុវជួយពីប្រព័ន្ធបច្ចេកទេសសម្លេង និងផ្នែកបច្ចេកវិទ្យា (IT) អីផ្សេងៗទៀត ហើយអ៊ីចឹងយើងបានទំនាក់ទំនង នឹងធ្វើការជាមួយខាងចិនដែរ គឺយើងធ្វើយ៉ាងណាឲ្យបន្ស៊ីគ្នារវាងបច្ចេកវិទ្យាទំនើប ហើយនឹងបទពិសោធរបស់គេ បូកជាមួយនឹង background ឬក៏មូលដ្ឋានសម្ដែងទស្សនីយភាពវប្បធម៌របស់យើង អ៊ីចឹងយើងបន្ស៊ីគ្នាទៅ បានទៅជាពិធីបើក ពិធីបិទ មួយដ៏មានសារៈសំខាន់ និងអស្ចារ្យបំផុត អ៊ីចឹងថ្ងៃនេះយើងបានសម្រេចគ្នាលើទិដ្ឋភាពនេះ»។


អគ្គលេខាធិការ CAMSOC បន្ថែមថា ការរៀបចំគ្រោងឆ្អឹង ឬគ្រោងផែនការ អំពីការរៀបចំពិធីបើកបិទ ដែលជាពិធីដ៏មានសារៈសំខាន់ បង្ហាញពីសក្ដានុពលជាតិ វប្បធម៌ សេដ្ឋកិច្ច និង ទេសចរណ៍ជាដើម។

 


នៅក្នុងពិធីបើក បិទនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រ ក្នុងវិស័យកីឡា នៅកម្ពុជា ផងដែរ ដូច្នេះការរៀបចំពិធីបើក បិទ ស៊ីហ្គេម លើកទី៣២ ត្រូវធ្វើចាប់ផ្ដើមពេលនេះតទៅ ហើយរៀបចំផែនការលម្អិតទៅលើគ្រោងការនីមួយៗ ត្រូវរៀបចំអ្វីខ្លះដើម្បីឆ្លងផែនការ ទៅរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC ៕
 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024