ថ្ងៃសុក្រ ទី០៥ ខែកញ្ញា ឆ្នាំ២០២៥

ស៊ីន ជេននី ប្អូនស្រីបង្កើត ស៊ីន យូប៊ីន សម្រេចចិត្តដើរតាមគន្លងបងស្រី

១២ មករា ២០២២ | កម្សាន្ដ


នៅទីបំផុតប្អូនស្រីបង្កើតរបស់តារាសម្តែងឆ្នើមលំដាប់ប្រទេសកញ្ញា ស៊ីន យូប៊ីន គឺកញ្ញា ស៊ីន ជេននី សម្រេចចិត្តបោះជំហានចូលវិស័យសិល្បៈដូចបងស្រីហើយ បន្ទាប់ពីប្រកាសឱ្យដឹងអស់រយៈពេលជាយូរមកហើយនោះ។ 

 


គេចាប់អារម្មណ៍ថា ស្រីស្រស់សោភារូបនេះ បានចេញមុខតាមកម្មវិធី និងក្តោបបានការងារសិល្បៈខ្លះៗមកហើយដូចជា ការថតស៉្បតពាណិជ្ជកម្ម ថតប្រ៉ូមូ៉តផលិតផល និងថត MV ចម្រៀងជាដើម។ តែសម្រាប់ការថតភាពយន្តវិញ ស៊ីន ជេននី ទើបទទួលថតរឿងទី១ប៉ុណ្ណោះ។

 


ស្នាដៃភាពយន្តដំបូងបង្អស់របស់ស្រីតូចច្រឡឹងនេះ មានចំណងជើងថា «លួចស្នេហ៍គូដណ្តឹង» រឿងនេះជាភាពយន្តខ្នាតធំប្រចាំឆ្នាំ២០២២ របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន។ គួរឱ្យចាប់អារម្មណ៍ ក្នុងរឿងនេះ កញ្ញា ស៊ីន ជេននី ត្រូវសម្តែងប៉ះរាមច្បងជាច្រើន ពិសេសគឺលោក ខាត់ វ៉ៃហាំង និងបងស្រីបង្កើតរបស់នាង កញ្ញា ស៊ីន យូប៊ីន។ 

 


ត្បិតទើបសម្តែងភាពយន្តលើកទី១តែ ជេននី ពិតជាធ្វើបានល្អ សមនឹងពាក្យគេថា មានដុងពីកំណើត។ ផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខជាមួយភីអិនអិនកាលពីពេលថ្មីៗនេះ ពន្លកតារាសម្តែងថ្មីរូបនេះថា ដំបូងឡើយកញ្ញាក៏ភ័យ តែដល់ពេលចូលយូរៗទៅក៏មានអារម្មណ៍ថាស៊ាំជាមួយវិស័យនេះ ហើយស្រលាញ់វិស័យនេះខ្លាំងតែម្តង។

 


ស៊ីន ជេននី រំពឹងខ្ពស់ថា ស្នាដៃភាពយន្តភាគលើកដំបូងរបស់នាងដែលនឹងចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិននាពេលខាងមុខ នឹងធ្វើឱ្យមហាជនស្គាល់នាងច្រើនឡើង។ តែថាថ្ងៃក្រោយកញ្ញាអាចនឹងផ្ទុះប្រជាប្រិយភាពខ្លាំងដូចបងស្រីឬយ៉ាងនោះ គឺនៅមិនទាន់អាចដឹងបាននៅឡើយទេ ព្រោះនេះគ្រាន់ជាជំហានដំបូងសម្រាប់កញ្ញាតែប៉ុណ្នោះ។

 


សូមជម្រាបថា កញ្ញា ស៊ីន ជេននី គឺជាប្អូនស្រីបង្កើតរបស់កញ្ញា ស៊ីន យូប៊ីន។ ឆ្នាំនេះនាងមានអាយុ១៨ឆ្នាំ។ ជេននី ធ្លាប់ប្រាប់ឱ្យគេដឹងថាកាលពីឆ្នាំ២០១៨ថា នាងមានបំណងចង់ប្រឡូកសិល្បៈដូចបងស្រីដែរ តែដោយសារពេលនោះនាងជាសិស្សថ្នាក់ទី៩នៅឡើយ ទើបគ្រួសារចង់ឱ្យរៀនចប់ទី១២សិនទើបឱ្យប្រឡូកសិល្បៈ ដើម្បីកុំឱ្យប៉ះពាល់ការសិក្សារបស់នាង។

 


និស្ស័យមិនខុសពីបងស្រីបង្កើត ជេននី ក៏ជាក្មេងម្នាក់និយមចូលចិត្តស្ទីល៍តុបតែង និងការថតរូបបែប Fashion ប្លែកៗ មើលទៅគួរឱ្យស្រលាញ់មិនខុសបងស្រីនាងឡើយ។ អ្វីដែលមហាជនចាប់អារម្មណ៍ គ្រប់ពេល ជេននី និង យូប៊ីន តុបតែងខ្លួនក្នុងទម្រង់ដូចគ្នា អ្នកទាំងពីរមើលទៅដូចកូនភ្លោះតែម្តង។ មហាជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម តែងពោលសរសើរសម្រស់របស់បងប្អូនស្រី២នាក់នេះ គ្រប់ពេលអ្នកទាំងពីរបង្ហោះរូបថតជាមួយគ្នា។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025