ថ្ងៃអង្គារ៍ ទី០១ ខែកក្កដា ឆ្នាំ២០២៥

កម្ពុជា កោះហៅឯកអគ្គរដ្ឋទូតវៀតណាម ប្រាប់ឲ្យរុះរើតង់ចេញពីតំបន់ព្រំដែនមិនទាន់ច្បាស់លាស់ នៅខេត្តកណ្តាល

០៣ មិថុនា ២០២០ | ព័ត៌មានជាតិ

ក្រសួងការបរទេស បានប្រកាសថា កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស បានអញ្ជើញឯកឧត្តម Vu Quang Minh ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា មកជួបពិភាក្សា និងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ ចេញទាំងអស់ ឲ្យបានឆាប់ ហើយបន្តរក្សាស្ថានភាពដើម មិនកែប្រែក្នុងតំបន់ព្រំដែននោះ រហូតដល់គណៈកម្មការព្រំដែននៃប្រទេសទាំងពីរ ដោះស្រាយកំណត់ខ្សែព្រំដែនជាក់លាក់ជាស្ថាពរ នៅតំបន់នោះ ដើម្បីប្រែក្លាយតំបន់ព្រំដែនប្រកបដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ជាប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ 

 


ក្នុងសេចក្តីជូនព័ត៌មាន ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ក្រសួងការបរទេស បានលើកឡើងថា កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើកំណត់ទូតតវ៉ាអំពីការបោះតង់របស់វៀតណាម ចំនួន ៣១កន្លែង លើតំបន់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា ក្នុងខេត្តកណ្តាល នៃប្រទេសកម្ពុជា ជាប់នឹងខេត្តអានយ៉ាង នៃប្រទេសវៀតណាម ដោយស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងនោះចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមមិនកែប្រែនៅក្នុងតំបន់នេះ ស្របតាមសេចក្តីប្រកាសរួម ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធព្រំដែនរវាងប្រទេសទាំងពីរ។

 


សេចក្តីប្រកាសដដែល បន្តថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ក្រសួងការបរទេសវៀតណាម បានធ្វើកំណត់ទូតឆ្លើយតប ដោយអះអាងថា ការបោះតង់នៅតាមព្រំដែនខេត្តអានយ៉ាងនេះ គឺជាវិធានការបណ្តោះអាសន្ន ចាំបាច់ ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលានូវការធ្វើដំណើរឆ្លងកាត់ព្រំដែន ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩ ហើយការបោះតង់ទាំងនោះ មិនមានផលប៉ះពាល់ដល់ការខណ្ឌសីមា និងបោះបង្គោលព្រំដែនលើតំបន់ព្រំដែនរវាងប្រទេសទាំងពីរនេះទេ។ អាជ្ញាធរវៀតណាម បានសន្យាថា នឹងធ្វើការរុះរើតង់ ដែលបានបោះជាបណ្តោះអាសន្នទាំងអស់ ចេញពីតំបន់នោះ៕


អត្ថបទ៖ លី ម៉េងហួរ        រូបភាព៖ ឯកសារ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025