ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤

ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណត់ខ្សែព្រំដែន ដែលនៅសេសសល់ ចំនួន ១៦%

២៦ ​វិច្ឆិកា ២០២០ | ព័ត៌មានជាតិ

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបសន្ទនាតាមប្រព័ន្ធវីដេអូ ជាមួយឯកឧត្តម ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពិភាក្សាអំពីមធ្យោបាយ និងវិធានការនានា ដើម្បីជំរុញបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងពិភពលោក ដែលជាក្តីកង្វល់ និងផលប្រយោជន៍រួម រាប់បញ្ចូលទាំងកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណត់ខ្សែព្រំដែន ដែលនៅសេសសល់ ចំនួន១៦% ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

 


លទ្ធផលនៃជំនួបតាមប្រព័ន្ធវិដេអូ ត្រូវបានក្រសួងការបរទេស ប្រកាសថា នាយករដ្ឋមន្ត្រីទាំងពីរ បានអបអរសាទរ ចំពោះការផ្តល់សច្ចាប័នលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ព្រមទាំងលើពិធីសារទទួលស្គាល់ការខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាម ឆ្នាំ២០១៩។ 

 


នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានគូសបញ្ជាក់នូវសារសំខាន់នៃការផ្លាស់ប្តូរផែនទីឋានលេខាព្រំដែនរវាងកម្ពុជា និងវៀតណាម។ ភាគីទាំងពីរ ក៏បានឯកភាពពន្លឿននីតិវិធី ដើម្បីផ្លាស់ប្តូរលិខិតតូបករណ៍ នៃការផ្តល់សច្ចាប័ន លើសន្ធិសញ្ញាបំពេញបន្ថែម និងពិធីសារឆ្នាំ២០១៩ ឱ្យបានឆាប់តាមដែលអាចធ្វើបាន។ 

 


ក្នុងនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានប្តេជ្ញាចិត្តយ៉ាងមោះមុត ដើម្បីដោះស្រាយកំណាត់ខ្សែព្រំដែន ដែលនៅសេសសល់ចំនួន១៦% ក្នុងគោលបំណងប្រែក្លាយព្រំដែនកម្ពុជា-វៀតណាម ជាព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

 


ក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ ថ្នាក់ដឹកនាំទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងបាវិត ខេត្តស្វាយរៀង ប្រទេសកម្ពុជា។ 

 


ក្រៅពីបញ្ហាព្រំដែន នាយករដ្ឋមន្ត្រីទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តលើការរីកចម្រើនដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម នាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងសិ្ថរភាពយូរអង្វែង៕

 

អត្ថបទ និងរូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024