ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

វៀតណាម ព្រមរុះរើតង់ពីតំបន់ព្រំដែន មិនទាន់ឯកភាព បន្ទាប់ពីក្រសួងការបរទេស ផ្ញើកំណត់ទូតតវ៉ា

២៦ ឧសភា ២០២០ | ព័ត៌មានជាតិ

រុះចេញវិញហើយ តង់យោធា ដែលភាគីវៀតណាម បានបោះឈរជើងនៅតំបន់ព្រំដែនមិនទាន់ដាច់ស្រេចជាមួយប្រទេសកម្ពុជា។ បើតាមការបញ្ជាក់ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ភាគីវៀតណាមបានរុះរើតង់ទាំងនោះចេញវិញរួចរាល់កាលពីថ្ងៃទី២៤ ខែឧសភាម្សិលមិញនេះ បន្ទាប់ពីមានសំណើរពីភាគីកម្ពុជា។

 


ក្រោមហេតុផលទប់ស្កាត់កុំឱ្យប្រជាជនឆ្លងកាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ អភិបាលខេត្តកណ្ដាល បានអះអាងថាយោធាវៀតណាមបានបោះតង់ឈរជើងនៅតំបន់ព្រំដែនមិនទាន់ដាច់ស្រេចជាប់ភូមិសាស្ត្រខេត្តកណ្ដាលរយៈពេលជាង២ខែមកហើយ ហើយថាភាគីវៀតណាមគ្មានបំណងអ្វីផ្សេង ឬក៏ចង់បង្កទំនាស់នៅតំពន់ព្រំដែននោះឡើយ។

 

 


យ៉ាងណាក៏ដោយ ការរុះរើតង់យោធានចេញរបស់ភាគីវៀតណាមនៅពេលនេះ គឺបន្ទាប់ពីមានប្រតិម្មពីភាគីកម្ពុជា ពោលគឺរដ្ឋបាលខេត្តកណ្ដាលបានផ្ញើលិខិតទៅប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងកាលពីថ្ងៃទី២៩ខែមេសា ហើយបន្ទាប់មកនៅថ្ងៃទី១៣ ខែឧសភា ក្រសួងការបរទេសកម្ពុជាក៏បន្តផ្ញើកំណត់ទូតតវ៉ាទៅក្រសួងការបរទេសវៀតណាម។

 


ក្រសួងការបរទេសកម្ពុជាបានចាត់ទុកសកម្មភាពបោះតង់នោះថាជាការរំលោភបំពានលើសន្ធិសញ្ញាបំពេញបន្ថែម និងកិច្ចព្រមព្រៀងព្រំដែននានា និងបានស្នើឱ្យភាគីវៀតណាមរុះរើតង់ និងដកកម្លាំងឈរជើងចេញ ព្រមទាំងបញ្ឈប់សកម្មភាពនេះជាបន្ទាន់ ព្រមទាំងបានស្នើឱ្យវៀតណាមធានាថានឹងមិនឱ្យសកមម្មភាពនេះកើតឡើងជាដាច់ខាតក្នុងពេលអនាគត ដើម្បីរក្សាទំនាក់ទំនងល្អជាប្រពៃណីនៃប្រទេសទាំងពីរ។

 


ក្រសួងការបរទេសកម្ពុជាមិនទាន់បញ្ជាក់ឱ្យដឹងអំពីកំណត់ទូតឆ្លើយតបពីក្រសួងការបរទេសវៀតណាមនៅឡើយទេ។ ប៉ុន្តែក្នុងលិខិតឆ្លើយតបមកអភិបាលខេត្តកណ្ដាល លោក ង្វៀន ថាញ់ ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង ដែលអាចហៅបានថាជាអភិបាលខេត្តអានយ៉ាង គូសបញ្ជាក់ថាការបោះតង់នេះគឺគ្រាន់តែធ្វើឡើងជាបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ប៉ុណ្ណោះ និងសុំភាគីខេត្តកណ្ដាលមានការយល់យោគ៕


អត្ថបទ៖ រ៉េន រតនៈ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025