ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤
នៅព្រឹកមិញនេះ រដ្ឋសភា បានបើកកិច្ចប្រជុំពិនិត្យពិភាក្សា និងអនុម័តរបៀបវារៈចំនួន៦ ក្នុងនោះ ក៏មានសេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធនឹងការបោះបង្គោលព្រំដែនគោកកម្ពុជា-វៀតណាម។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភា ដែលត្រូវបានប្រកាសឱ្យដឹងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកមិញនេះ សមាជិកសភាជាង១១០រូប បានប្រជុំពិនិត្យពិភាក្សា និងលើកដៃបោះឆ្នោតអនុម័តនូវរៀបវារៈចំនួន៦ដោយគ្មានការកែប្រឡើយ ក្នុងនោះក៏មានដែរសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមបញ្ជាក់ថាកម្ពុជា និងវៀតណាម បានព្រមព្រៀង ហើយឈានទៅបោះបង្គោលព្រំដែនគោកជាមួយគ្នាបានជាង ៨០ភាគរយហើយ។ បើតាមគណៈកម្មាធិការព្រំដែនកម្ពុជា ភាគីទាំងពីរ ក៏កំពុងបន្តការចរចារ និងបង្កើតយន្តការជាបន្តបន្ទាប់ ដើម្បីឈានទៅសម្រេចការងារខណ្ឌសីមារវាងប្រទេសទាំងពីរ ដើម្បីឱ្យតំបន់ព្រំដែនក្លាយជាតំបន់សន្តិភាព និងការអភិវឌ្ឍន៍។
ថ្មីៗនេះ ខណៈតំបន់ព្រំដែនគោកប្រទេសទាំងពីរ នៅមានសេសសល់ទីតាំងមិនទាន់ដាច់ស្រេចនោះ ភាគីវៀតណាមបានបោះតង់ និងសង់សំណង់រឹងនៅតាមបណ្ដោយព្រំដែនមិនទាន់មានការឯកភាពនោះ ដោយបានអះអាងថាជាការសាងសង់ដើម្បីឱ្យកម្លាំងអាជ្ញាធរវៀតណាមប្រចាំការក្នុងការងារទប់ស្កាត់ការឆ្លងព្រំដែនក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
កាលពីប៉ុន្មានថ្ងៃមុននេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ជាថ្មីថា ភាគីវៀតឋណាមបានផ្ញើលិខិតជាលាយលក្ខណ៍អក្សរកម្ពុជា ដោយបានសន្យារុះរើតង់ និងសំណង់ទាំងអស់ នៃជំងឺកូវីដ-១៩។ លោកបានអះអាងទៀតថាអាជ្ញាធរកម្ពុជាក៏បានតាមដានសកម្មភាពនេះ និងមានកិច្ចសហការជាមួយភាគីវៀតណាមជាធម្មតា ហើយសង្ឃឹមថាវៀតណាមនឹងធ្វើតាមការសន្យាក្រោយបញ្ចប់បញ្ហាកូវីដ១៩។
នៅព្រឹកថ្ងៃចន្ទ ២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង អ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
ងាកមកបន្តនិយាយអំពីការងាររដ្ឋសភាវិញ នៅព្រឹកមិញនេះ ក្រៅតែសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធការបោះបង្គោលព្រំដែនជាមួយវៀតណាមនោះ របៀបវារៈ៥ទៀតដែលបានអនុម័តនោះ រួមមានសេចក្ដីព្រាងច្បាប់ពាក់ព័ន្ធនឹងសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ,ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកអាស៊ាននិងជប៉ុន, កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងអាស៊ាន និងឥណ្ឌា និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងរដ្ឋសមាជិកអាស៊ាន និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ សែត ប៊ុនថាន់