ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

ទោះមិនទាន់ចេញមុខក្នុងកម្មវិធីធំ ជា វិបុល និង ភរិយា ដឹកដៃគ្នាកើបលុយក្រោយអាក់ខានជិត ២ ឆ្នាំ ! 

២០ ធ្នូ ២០២១ | កម្សាន្ដ



ថ្វីដ្បិតតែមិនទាន់បានវិលត្រឡប់ទៅកាន់តំណែងធំរបស់ខ្លួនដូចកាលពីមុន ប៉ុន្តែលោក ជា វិបុល បែររវល់ដឹកដៃភរិយារបស់ខ្លួនកើបលុយក្នុងកម្មវិធីតូចធំតាមបណ្តាខេត្តក្រុងនានា។ 

 

 

រយៈពេល ២ ឆ្នាំមកនេះគូស្វាមីភរិយា គង់ សុជាតិ និង លោក ជា វិបុល បាត់បង់ប្រាក់ចំណូលមិនតិចទេពីវិស័យសិល្បៈ ដោយសារការងារទាំងអស់ត្រូវផ្អាកនៅក្នុងអំឡុងកូវីដ ១៩។ តែទោះជាយ៉ាងនេះក្តីថ្មីៗនេះអ្នកទាំងពីរបានសម្រុកទទួលការងារឡើងវិញទាំងនៅទីក្រុង និងតាមខេត្តនានា ។ 

 


លោក ជា វិបុល និង អ្នកនាង ចាន់ កែវនិមល គឺជាដៃគូពិធីករដ៏ល្អនឹងគ្នានៅក្នុងកម្មវិធីធំៗជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ប៉ុន្តែចាប់តាំងពីមានរឿងអាស្រូវស្នេហានាពេលកន្លងមក អ្នកទាំងពីរបានឃ្លាតឆ្ងាយពីគ្នា។ ទោះបីធ្វើការនៅកន្លែងតែមួយ តែអ្នកទាំងពីរធ្វើកម្មវិធីផ្សេងៗគ្នា ដើម្បីបញ្ចប់រឿងអាស្រូវទាំងអស់ ។

 


ពេលនេះ អ្នកនាង ចាន់ កែវនិមល បានវិលត្រឡប់ទៅកាន់តំណែងធំៗក្នុងកម្មវិធីជាច្រើន តែលោក ជា វិបុល នៅតែមិនទាន់ឃើញលេចមុខនៅក្នុងកម្មវិធីធំៗទេ ដោយលោកធ្វើតែក្នុងកម្មវិធីប្រគំតន្រ្តីធម្មតាប៉ុណ្ណោះ ។ 

 


ពិធីករល្បីឈ្មោះរូបនេះ មិនខ្វល់ពីរឿងបង្ហាញមុខក្នុងកម្មវិធីតូច ឬ ធំនោះទេ  ពីព្រោះអ្វីៗជាការសម្រេចចិត្តរបស់ថ្នាក់លើ លោកជាកូនចៅ ធ្វើតាមតួនាទី ។ ជាមួយគ្នានេះផងដែរ លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ កំពុងមមាញឹកនៅក្នុងការកើបលុយនៅក្នុងកម្មវិធីធំៗជាច្រើន តាមខេត្តក្រុងនានា បន្ទាប់ពីអាក់ខាននៅក្នុងវិស័យនេះ អស់ពេលជិត ២ ឆ្នាំដោយសារបញ្ហាជំងឺកូវីដ ១៩ ។

 


អ្នកនាង គង់ សុជាតិ បានឱ្យដឹងថា នាងចាប់ផ្តើមមមាញឹកនៅក្នុងការងារសិល្បៈឡើងវិញហើយ ដូច្នេះមិនមានពេលវេលាទៅគិតរឿងអ្វីឥតប្រយោជន៍ឡើយ អ្វីដែលសំខាន់នាងគឺធ្វើការងារដែលខ្លួនត្រូវ ធ្វើ ។  

 

 

ទោះបីជាអ្នកនាង គង់ សុជាតិ មិនបានបញ្ជាក់ប្រាប់ពីតម្លៃខ្លួនដែលនាងទទួលពីការងារធ្វើជាពិធីករនៅតាមកម្មវិធីនានា តែនាង និងស្វាមីត្រូវបានគេចាត់ទុកថាជាពិធីករលំដាប់ម្នាក់ដែលមានតម្លៃខ្លួនខ្ពស់នៅពេលធ្វើកម្មវិធីមួយ ដូច្នេះហើយក្នុងមួយខែៗអ្នកទាំងពីរកបានប្រាក់ចំណូលខ្ពស់មិនធម្មតាទេ បើប្រៀបធៀបនិងសិល្បករផ្សេងៗ ។ 

 


ក្រៅពីមមាញឹកនៅក្នុងការកើបលុយឡើងវិញ គូស្វាមីភរិយា លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ ក៏បានពង្រឹងចំណងអាពាហ៍ពិពាហ៍របស់ខ្លួនឱ្យកាន់តែរឹងមាំឡើងតាមរយៈការដើរកម្សាន្តតាមតំបន់កម្សាន្តនានា និងថតរូបបែបស្វីតៗដូចកាលពីនៅក្មេងៗឱ្យអ្នកគាំទ្របានឃើញ ៕  

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ និង ហ្វេសប៊ុក

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025