ថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥

ធនាគារអភិវឌ្ឍន៍អាស៊ីប្រកាសផ្តល់កញ្ចប់ហិរញ្ញប្បទានជាង ៣៣២លានដុល្លារសម្រាប់គម្រងកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា 

០៩ ធ្នូ ២០២១ | សេដ្ឋកិច្ច

 

ការប្រកាសផ្តល់កញ្ចប់ហិរញ្ញប្បទានជាង ៣៣២លានដុល្លារនេះត្រូវបានឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងគ្នារួចហើយកាលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះរវាង ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងនាយកស្តីទីប្រចាំប្រទេសកម្ពុជានៃធនាគារអភិវឌ្ឍន៍អាស៊ី លោក Anthony Gil  ។

 


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ក្នុងកញ្ចប់ហិរញ្ញប្បទានជាង ៣៣២ លានដុល្លារនេះត្រូវបានបែងចែកយកទៅអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រមាណ ៤០លានដុល្លារ និង៣៥ លានដុល្លារសម្រាប់គម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ។ និងគម្រោងកែលម្អបណ្តាញផ្លូវជាតិ ជំហ៊ានទី២ ប្រមាណ ៩០ លានដុល្លារ និងគម្រោងអភិវឌ្ឍទីក្រុងគួរឲ្យរស់នៅប្រមាណជាង ១៩៣ លានដុល្លារ។

 


ស្របពេលជាមួយនឹងការផ្តល់កញ្ចប់ហិរញ្ញប្បទានជាង ៣៣២លានដុល្លារ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យបានរំលឹកផងដែរថា គិតមកដល់ពេលនេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ សរុបប្រមាណ៤ពាន់លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាដោយរួមបញ្ចូលទាំងកិច្ចព្រមព្រៀងថ្មីនេះដែរ។


ជំនួសមុខឲ្យរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្ត និង សុភវិនិច្ឆ័យរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ការជឿទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការអនុម័តផ្តល់ហិរញ្ញប្បទានសម្រាប់គម្រោងខាងលើ និងបានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងបែងចែកផ្លែផ្កានៃកំណើនប្រកបដោយសមធម៌ដល់គ្រប់ស្រទាប់វណ្ណៈ នៃប្រជាជន តាមរយៈការបន្តធានាសម្រេចឱ្យបាននូវចីរភាពនៃកំណើនសេដ្ឋកិច្ចក្នុងរយៈពេលវែង និងឆ្ពោះទៅរកវិបុលភាព៕

 

 

អត្ថបទ ស៊ឺន សុន និងរូបភាព ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025