ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤

យុវវ័យកុះករសម្រុកចូលទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំ អបអរខួបលើកទី១៦ នៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ 

២៧ ​វិច្ឆិកា ២០២១ | កម្សាន្ដ


នៅរាត្រីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញ សាលាមធ្យមវិចិត្រសិល្បៈ សហការជាមួយសមាគមសិល្បៈសុវណ្ណភូមិ បានរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំអន្លើ «នាងបុញ្ញកាយ» នៅក្នុងបរិវេណសាលាមធ្យមវិចិត្រសិល្បៈ ដើម្បីអបអរខួបលើកទី១៦ ល្ខោនស្រមោលស្បែកធំ បានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ២៥ វិច្ឆិកា ២០០៥ - ២៥ វិច្ឆិកា ២០២១។

 

 


ក្រឡេកទៅមើលអ្នកចូលរួមវិញនោះ គេសង្កេតឃើញថា មានយុវជន-យុវតី ច្រើនកុះករបានសម្រុកចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំ និងសាទរខ្លាំងចំពោះការសម្តែង ដោយសម្លេងហ៊ោកញ្ជៀវរបស់អ្នកចូលរួមបានបន្លឺឡើងទ្រហឹងពេញសាលការសម្តែងសិល្បៈ។

 

 


លោក ម៉ាន់ កុសល ប្រធានសមាគមន៍សិល្បៈសុវណ្ណភូមិ និងជាស្ថាបនិកក្រុមល្ខោនស្បែកធំ និងជាអ្នករៀបចំការសម្តែងល្ខោនស្រមោលស្បែកធំអន្លើ «នាងបុញ្ញកាយ» ប្រាប់ឱ្យភីអិនអិនដឹងដោយទឹកមុខរំភើបរីករាយថា ក្នុងនាមជាអ្នកជំនាញខាងល្ខោនស្រមោលស្បែកធំ និងជាអ្នកនៅជិតដិតជាមួយសិល្បៈនេះ លោកហាក់រំភើបដែលជំងឺកូវីដ១៩នៅកម្ពុជារៀងថមថយចុះបន្តិច ហើយរដ្ឋាភិបាលអនុញ្ញាតឱ្យរៀបចំការសម្តែងបាន។ កាន់តែរីករាយជាងនេះ គឺការចូលរួមច្រើនកុះកររបស់យុវជន-យុវតី ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់លោក និងក្រុមសិល្បករ។

 

 

 

ក្រោយឃើញសន្ទុះចូលរួមរបស់យុវជន-យុវតីច្រើនកុះករលើសិល្បៈបុរាណខ្មែរដ៏ចំណាស់នេះ ពិសេសចូលរួមអបអរខួបលើកទី១៦ ល្ខោនស្រមោលស្បែកធំ ចុះបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាមរយៈការចូលរួមទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំអន្លើ «នាងបុញ្ញកាយ» លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បានឱ្យដឹងថា លោកពិតជាមានមោទនភាព និងរីករាយ ជាពិសេសសិល្បករអ្នកសម្តែង ពិតជាសប្បាយចិត្តនៅពេលឃើញយុវជនខ្មែរផុលផុសក្នុងការគាំទ្រសិល្បៈល្ខោនស្បែកធំរបស់ខ្មែរយើង។

 

 


គួររំលឹកផងដែរថា សិល្បៈល្ខោនស្បែកធំរបស់កម្ពុជា មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានសកលលោកទទួលស្គាល់ និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ដែលនេះជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

 

 


ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី១ មកម្ល៉េះ។ គេអាចនិយាយបានថា ល្ខោនស្រមោលស្បែកខាងលើនេះ គឺជាសិល្បៈមួយដែលប្រមូលផ្តុំនូវសិល្បៈទាំង ៧។ 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024