ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

កិច្ចប្រជុំអន្តរសភាអាស៊ាន មិនទាន់ព្រមព្រៀងគ្នា លើរបៀបវារៈពាក់ព័ន្ធស្ថានភាពមីយ៉ាន់ម៉ា 

២៥ សីហា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃអង្គារនេះ ថ្នាក់ដឹកនាំអន្តរសភាអាស៊ាន ហៅកាត់ថា AIPA បានបន្តកិច្ចប្រជុំពិភាក្សាលើរបៀបវារៈចំនួន៥ ដោយបានឯកភាពគ្នាចំនួន៤ លើកលែងតែរបៀបវារៈទី៥ គឺសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការគាំទ្ររបស់សភាអាស៊ាន លើស្ថានភាពនៅមីយ៉ាន់ម៉ា ស្នើដោយ ឥណ្ឌូនេស៊ី។ នេះបើតាមលទ្ធផលកិច្ចប្រជុំផ្ដល់ដោយរដ្ឋសភាកម្ពុជា។ 

 


ក្នុងកិច្ចប្រជុំតាមវីដេអូនអនឡាញ ដែលភាគីសភាកម្ពុជាតំណាងដោយឯកឧត្តម ឈាង វុន កាលពីព្រឹកម្សិលមិញនេះ គណៈកម្មាធិការនយោបាយអន្តរសភាអាស៊ាន ដឹកនាំដោយលោកជំទាវ Nik Hafimi Abdul Haadii សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ តំណាងសភាប្រទេសសមាជិកអាស៊ានបានពិភាក្សា និងព្រៀមព្រៀងគ្នាលើរបៀបវារៈ៤សម្រាប់កិច្ចប្រជុំថ្នាក់កំពូល គឺរបាយការណ៍កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកយោបាយអាយប៉ាលើកទី១២, សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី “ការលើកកម្ពស់ការការពារសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីធន់នឹងលំហអ៊ីនធឺណែតនៅក្នុងអាស៊ាន”, សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី “ការលើកកម្ពស់ការសន្តិសុខមនុស្សជាតិ នៅក្នុងបរិយាប័ន្នឌីជីថល សម្រាប់អាស៊ាននិងសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី ជំរុញការទូតសភា ដើម្បីឆ្ពោះទៅសគមន៍អាស៊ាន។ 

 

 

ចំណែកសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពី “ការគាំទ្ររបស់សភា លើស្ថានភាពនៅមីយ៉ាន់ម៉ា” ស្នើដោយ ឥណ្ឌូនេស៊ី សមាជិកអន្តរសភាអាស៊ានមិនទាន់មានការព្រមព្រៀងគ្នានោះទេ។  បើតាមព័ត៌មានផ្ដល់ដោយរដ្ឋសភាកម្ពុជា គណៈប្រតិភូគណៈកម្មាធិការនយោបាយកម្ពុជា ក៏ដូចជាគណៈប្រតិភូសមាជិកសភាអាយប៉ាមួយចំនួនផ្សេងទៀត មិនទាន់មានការឯកភាពគ្នាសម្រាប់ការពិភាក្សាទេ។  

រដ្ឋសភាបានស្រង់ប្រសាសន៍ឯកឧត្ដម ឈាង វុន មកបញ្ជាក់បន្ថែមថា គណៈប្រតិភូសភាអាយប៉ាកម្ពុជាបានស្នើថា គួរបន្តទុកពេលវេលាជូនអាស៊ានដើម្បីអនុវត្តចំណុចដែលបានឯកភាពគ្នាជាឯកច្ឆ័ន្ទទាំង៥ នៅក្នុងកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១កន្លងមក នៅឥណ្ឌូនេស៊ី។  

 

 

សូមបញ្ជាក់ថាផែនការ៥ចំណុចបានតម្រូវឲ្យបញ្ឈប់ភ្លាមមួយរំពិចអំពើហឹង្សា ហើយភាគី ពាក់ព័ន្ធទាំងអស់ត្រូវតែអត់ធ្មត់ ធ្វើកិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនាសំដៅ ស្វែងរកដំណោះស្រាយសន្តិភាព ចាត់បញ្ជូនបេសកជនពិសេសរបស់ប្រធានអាស៊ាន ធ្វើជាអ្នកសម្របសម្រួលជំរុញដំណើរការសន្ទនា ព្រមទាំងផ្ដល់ជំនួយមនុស្សធម៌ជូន ប្រជាពលរដ្ឋមីយ៉ាន់ម៉ាតាមរយៈមជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌អាស៊ានផងដែរ។

 

 

ក្នុងវេទិកាអន្តរសភាអាស៊ានមាព្រឹកមិញនេះ ឯកឧត្តម ឈាង វុន ក៏បានឆ្លៀតរម្លឹកឡើងវិញថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចែករំលែកគោលនយោបាយឈ្នះ ឈ្នះរបស់កម្ពុជាប្រកបដោយជោគជ័យ ក្នុងការនាំមកនូវសន្តិភាព និងការផ្សះផ្សាយូរអង្វែង ដែលរួមចំណែកដល់ការអនុវត្តចំណុចឯកភាពទាំង៥ខាងលើ៕


អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ រដ្ឋសភា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024