ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤

ថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនៅរដ្ឋសភាតេស្តអវិជ្ជមាន ប៉ុន្តែកិច្ចប្រជុំតូចធំ ត្រូវផ្អាកជាបណ្ដោះអាសន្ន

០៤ ធ្នូ ២០២០ | ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ អ្នកតំណាងរាស្ត្រ មន្ត្រី និងអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២៨វិច្ឆិកា នៅរដ្ឋសភា ដែលបានធ្វើតេស្តរកជំងឺកូវីដ១៩ កាលពីថ្ងៃម្សិលមិញនោះ នៅថ្ងៃនេះ លទ្ធផលបង្ហាញថា អវិជ្ជមានទាំងអស់។ នេះបើតាមអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បញ្ជាក់ប្រាប់ PNN នៅថ្ងៃនេះ។ យ៉ាងណាក៏ដោយ កិច្ចប្រជុំតូចធំនៅស្ថាប័នទាំងអស់ ត្រូវបានផ្អាក រហូតសភាពការណ៍វិលមករកប្រក្រតីភាព។ 

 


ដំណឹងធូរទ្រូងនៅស្ថាប័នរដ្ឋសភាបានចេញមកហើយនៅថ្ងៃទី៣ខែវិច្ឆិកានេះ។ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបានចម្រាបមកអគ្គលេខាធិការដ្ឋានរដ្ឋសភាថាលទ្ធផលធ្វើតេស្តថ្នាក់ដឹកនាំសភា អ្នកតំណាងរាស្ត្រ មន្ត្រី និងអ្នកពាក់ព័ន្ធសរុបជាង៣០រូបកាលពីថ្ងៃម្សិលមិញនោះ ត្រូវបានវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថាអវិជ្ជមានជំងឺកូវីដ១៩ទាំងអស់។  នេះបើតាមឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

 


អ្នកពាក់ព័ន្ធទាំងជាង៣០រូបនោះ សូមបញ្ជាក់ថាមានចាប់តាំងពីសម្ដេចអគ្គមហាពញាចក្រី ហេង  សំរិន ប្រធានរដ្ឋសភា ឯកឧត្តម លោកជំទាវ អនុប្រធានទី១ទី២រដ្ឋសភា ប្រធានគណៈកម្មការជំនាញរដ្ឋសភាទាំង១០ សម្ដេចពិជ័យសេនា  ទៀ បាញ់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន  ព័ន្ធមុន្នីរ័ត្ន ដែលសុទ្ធតែត្រូវបានសំគាល់ថាបានប្រាស្រ័យជាមួយឯកឧត្តម ឡូយ សុផាត ក្នុងអំឡុងពេលប្រជុំពេញអង្គ ទទួលទានបាយ និងកិច្ចប្រជុំចង្អៀតនៅរដ្ឋសភា។

 


ឯកឧត្តម ឡូយ  សុផាត ដែលបានពាក់ព័ន្ធដោយផ្ទាល់ជាមួយឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។  មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩ រួមជាមួយក្រុមគ្រួសារ។ រាជរដ្ឋាភិបាលបានហៅការផ្ទុះជំងឺកូវីដ១៩លើកនេះ ថាជាព្រឹត្តិការណ៍២៨វិច្ឆិកា  និងថាជាការឆ្លងកម្រិតសហគមន៍ដ៏គួរឱ្យព្រួយបារម្ភ។

 


ទោះជាលទ្ធផលលើកទី១បង្ហាញថាអវិជ្ជមានកូវីដ១៩ទាំងអស់ ឯកឧត្តម ឡេង ប៉េងឡុង បានគូសបញ្ជាក់ថា សម្តេចប្រធានរដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងរាស្រ្តទាំងអស់ នឹងនៅតែបន្តធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ ហើយថាសម្រាប់អ្នកពាក់ព័ន្ធមានហានីភ័យទាបដែលមិនបានធ្វើតេស្តនោះក៏តែបន្តធ្វើចត្តាឡីស័កយ៉ាងខ្ជាប់ខ្ជួនដែរ។


ឆ្លើយនឹងសំនួរថាតើរដ្ឋសភានឹងអាចបន្តដំណើរការកិច្ចប្រជុំពេញអង្គ ឬកិច្ចប្រជុំនានាបាននៅពេលណា?  ឯកឧត្តមអគ្គលេខាធិការបានអះអាងចម្លើយគឺអាស្រ័យលើស្ថានភាពជាក់ស្ដែងនៃជំងឺដ៏អាក្រក់នេះសិន និងថាសម្រាប់ពេលនេះកិច្ចប្រជុំតូចធំទាំងអស់ត្រូវបានផ្អាកខណៈការបំពេញការងារជាធម្មតារបស់មន្ត្រីនោះ គឺត្រូវស្ថិតលើបន្ទាប់ប្រយ័ត្នប្រយ៉ែងគ្រប់វិនាទី គ្រប់ទីកន្លែង៕

 

អត្ថបទ៖ រ៉េន រតនៈ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024