ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប ASEP លើកទី១១ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំកិច្ចប្រជុំ ASEP11 ដើម្បីពិនិត្យពិភាក្សាលើការងារមួយចំនួន សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ដែលសភាកម្ពុជា នឹងត្រូវធ្វើជាម្ចាស់ផ្ទះ នាអំឡុងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ នៅរាជធានីភ្នំពេញ។
កិច្ចប្រជុំនេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១១ ខែសីហានេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃគណៈកម្មការរៀបចំទាំងអស់ ដោយធ្វើការពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការទទួលបន្ទុកតាមផ្នែកនីមួយៗ ជាពិសេសអនុគណៈកម្មការទទួលបន្ទុកផ្នែកខ្លឹមសារ និងឯកសារ និងអនុគណៈកម្មការទទួលបន្ទុកផ្នែកព័ត៌មាន និង ICT សំដៅធ្វើយ៉ាងណាឱ្យកិច្ចប្រជុំ ភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។
ឯកឧត្តម ងួន ញិល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ សម្ដេចប្រធានរដ្ឋសភា សម្ដេចប្រធានព្រឹទ្ធសភា និងសម្ដេចនាយករដ្ឋមន្ត្រី បានឯកភាពជាគោលការណ៍រួចហើយ ឲ្យរៀបចំកិច្ចប្រជុំ ភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ តាមរយៈអនឡាញ ឬហៅថា ប្រព័ន្ធនិម្មិត (Virtual Meeting) ផ្សាយចេញពីរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ គឺបានន័យថា កិច្ចប្រជុំ ភាពជាដៃគូរសភាអាស៊ី-អឺរ៉ុប លើកទី១១ ធ្វើមុនកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) របស់រាជរដ្ឋាភិបាល ជាងមួយសប្ដាហ៍ប៉ុណ្ណោះ។
សូមជម្រាបជូនថា ការរៀបចំកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ តាមរយៈអនឡាញ ឬហៅថា ប្រព័ន្ធនិម្មិត នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ គឺជាលើកទី១ហើយសម្រាប់សភាកម្ពុជា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ ដែលត្រូវទទួលរៀបចំកិច្ចប្រជុំ ជាលក្ខណៈអន្តរជាតិ តាមរយៈអនឡាញបែបនេះ៕
អត្ថបទ និងរូបភាព៖ រដ្ឋសភា