ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
សេចក្ដីព្រាងច្បាប់ ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរដ្ឋសភា អនុម័តហើយ នៅក្នុងកិច្ចប្រជុំពេញអង្គ កាលពីព្រឹកមិញនេះ។ បើតាមរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច វិស័យអប់រំ និងសង្គមកិច្ច គឺជាវិស័យអាទិភាព ក្នុងគម្រោងចំណាយថវិកា ឆ្នាំ២០២១។
សេចក្ដីព្រាងច្បាប់ថវិកាជាតិ ដែលចែងពីគម្រោងចំណាយថវិការបស់រដ្ឋពេញមួយឆ្នាំ២០២១ខាងមុខនោះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ ដោយអ្នកក្រុមអ្នកតំណាងរាស្ត្រ ចំនួន ១១៦សំឡេង។ យោងតាមសេចក្ដីព្រាងច្បាប់ គឺពេញមួយឆ្នាំ២០២១ រាជរដ្ឋាភិបាល គ្រោងប្រើប្រាស់ថវិកាប្រមាណ ៧៥០០លានដុល្លារអាមេរិក។ ថវិកានេះ មានការថយចុះជាងឆ្នាំ២០២០ ចំនួន១.៩ភាគរយ។
នៅក្នុងវេទិកាសភា កាលពីព្រឹកមិញ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជម្រាបជូនអង្គសភាថា ថវិកាជាតិឆ្នាំ២០២១ នឹងត្រូវផ្តល់អាទិភាព ទៅលើវិស័យសំខាន់ៗមួយចំនួន ពិសេសវិស័យសង្គមកិច្ច និងការអប់រំ ខណៈវិស័យរដ្ឋបាលទូទៅ និងសេដ្ឋកិច្ច ត្រូវបានកាត់បន្ថយ។
សូមបញ្ជាក់ថា សម្ដេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថវិកាឆ្នាំ២០២១ ថាជាថវិកាយុទ្ធសាស្រ្ត ដើម្បីការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច ជីវភាពប្រជាពលរដ្ឋ និងតម្រង់ឆ្ពោះទៅរកការស្ដារពីវិបត្តិជំងឺកូវីដ១៩៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ សែត ប៊ុនថាន់