ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
ថ្ងៃសៅរ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៤
រដ្ឋសភា នឹងប្រជុំអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២១ នៅថ្ងៃទី២៥ ខែវិច្ឆិកា សប្ដាហ៍ក្រោយនេះហើយ។ នេះបើតាមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ កាលពីព្រឹកមិញ។ មានសេចក្ដីព្រាងច្បាប់មួយចំនួនទៀត ក៏នឹងត្រូវបានយកទៅពិភាក្សា និងអនុម័តជាមួយសេចក្ដីព្រាងច្បាប់ថវិកាជាតិដ៏មានសារៈសំខាន់នោះដែរ។ តាមគម្រោង រាជរដ្ឋាភិបាល គ្រោងចំណាយថវិកា ឆ្នាំ២០២១ តិចជាងឆ្នាំ២០២០។
សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ និងសេចក្ដីព្រាងច្បាប់ទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ នឹងត្រូវបានរដ្ឋសភាពិភាក្សា និងអនុម័តនៅក្នុងកិច្ចប្រជុំរដ្ឋសភាដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា សប្ដាហ៍ក្រោយនេះ។ នេះបើតាមលទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាដែលត្រូវបានចេញផ្សាយឱ្យដឹងនាព្រឹកថ្ងៃទី១៩វិច្ឆិកានេះ។
យោងតាមសេចក្ដីព្រាង នៅឆ្នាំ២០២១ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងប្រើប្រាស់ថវិកាជាតិប្រមាណ៧៥០០លានដុល្លារអាមេរិក។ ថវិកានេះមានការថមចុះជាងឆ្នាំ២០២០ចំនួន១.៩ភាគរយ។ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកគម្រោងថវិកាជាតិឆ្នាំ២០២១ខាងមុខនេះថាថវិកាយុទ្ធសាស្រ្តការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម សេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ព្រមទាំងបាញ់ឆ្ពោះទៅរកការស្ដារឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ១៩។
ក្រៅពីសេចក្ដីព្រាងច្បាប់ថវិកាជាតិ នៅមានសេចក្ដីព្រាងច្បាប់មួយទៀតដែរ ដែលរដ្ឋសភា និងអនុម័តក្នុងកិច្ចប្រជុំនាថ្ងៃសប្ដាហ៍នេះដែរ ក្នុងនោះរួមមាន សេចក្ដីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ, ការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមក, លើការផ្តល់អាជ្ញាបណ្ណក្រុមអាកាសយានិក, ការអនុម័តយល់ព្រមលើ, ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរ ក្នុងស្រុកក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិកអាស៊ានណាមួយ, ពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណលរវាងអាកាសយានដ្ឋាននៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន និង ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាម ផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕
អត្ថបទ៖ រ៉េន រតនៈ រូបភាព៖ រដ្ឋសភា