ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥
តារាសម្តែងវ័យក្មេង អតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ កញ្ញា សុគា គីមលាង ហៅ Kon Ant បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងជាមួយជីវិតឯកជនរបស់នាង ដែលកាន់តែហាយសូរ និងស៊ីវិល័យខ្លាំងឡើង ទោះស្ថិតក្នុងបរិបថកូវីដ១៩។
តារាសម្តែងពន្លកថ្មីកំពុងផ្ទុះប្រជាប្រិយភាព កញ្ញា សុគា គីមលាង ហៅ Kon Ant ឬគ្រប់គ្នាស្គាល់តាមរយៈតួអង្គទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងលើជីវិតឯកជនរបស់នាង ដោយរយៈពេលចុងក្រោយនេះគេមើលឃើញថាជីវិតឯកជនតារាស្រីវ័យក្មេងនេះកាន់តែស៊ីវិល័យខ្លាំងឡើង មិនចាញ់មិត្តរួមអាជីពឡើយ។
ជាក់ស្តែងថ្មីៗនេះ ទោះកំពុងស្ថិតក្នុងការរាតត្បាតកូវីដ១៩ក៏ពិតមែន តែតួអង្គទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ ស្រាប់តែបង្ហាញសមាជិកថ្មី ជារថយន្តស៊េរីទំនើបម៉ាក RANGE ROVER យ៉ាងថ្មីស្រឡាងយ៉ាងភ្ញាក់ផ្អើលលើគណនី Instagram របស់នាង ដែលរថយន្តនេះត្រូវគេដឹងថាតម្លៃខ្ពស់មិនធម្មតា។
ជារឿយៗលើគណនី Instagram ផ្ទាល់ខ្លួនរបស់តារាស្រីមានប្រភពពីនាថការរបាំបុរាណរូបនេះ បង្ហោះធ្វើឲ្យអ្នកគាំទ្រឃើញ វីឡាដ៍ធំស្កឹមស្កៃ រថយន្តទំនើប ជាមួយសម្ភារៈប្រើប្រាស់ទំនើប មិនថាជាសម្លៀកបំពាក់ ស្បែកជើង និងគ្រឿងលម្អខ្លួននោះទេ គឺសុទ្ធសឹងតែជារបស់យីហោល្បីៗថែមទៀតផង។ Kon Ant ក៏ជាតារាស្រីម្នាក់ដែលចូលចិត្តដំណើរកម្សាន្ត និងចំណាយពេលដំណើរកម្សាន្តនៅទីតាំងឯកជនទំនើបៗជាញឹកញាប់ផងដែរ។
អតីតទេពធីតាសង្រ្កាន្តឆ្នាំ ២០១៨ កាលពីដើមឆ្នាំ២០២១នេះ បានបោះជំហានក្នុងវិស័យភាពយន្តជាលើកដំបូង ដោយរឿងដំបូងដែលនាងទទួលថតគឺប្រភេទរឿងបែបអប់រំទៅតាមធម៌ព្រះពុទ្ធ មានឥទ្ធិពលព្រះពុទ្ធសាសនានៃសង្គមបរិយាកាសក្នុងសម័យកាលលង្វែក ដែលរឿងប្រភេទនេះត្រូវគេដឹងថាជាក្តីប្រាថ្នារបស់នាថការរូបនេះ។
ធ្លាប់ផ្តល់កិច្ចសម្ភាសន៍ឲ្យអ្នកសារពត៌មានក្នុងស្រុកកន្លងទៅ តារាស្រីវ័យ២២ឆ្នាំនេះថា ទោះបីជាក្នុងកាលៈទេសៈណាក៏ដោយ ការតាំងចិត្តទទួលថតកុនបែបបុរាណរបស់នាងមិនប្រែប្រួលឡើយ ព្រោះជាចំណូលចិត្តស្រឡាញ់ការថតកុនបែបនេះ។ ម៉្យាងកញ្ញាយល់ថា រឿងសម័យមានច្រើនស្រាប់ហើយ ដូចនេះតទៅថ្ងៃមុខ នាងនៅតែចង់ថតរឿងបែបបុរាណមានលក្ខណៈបង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្រតែប៉ុណ្ណោះ។ ការថតកុនប្រភេទនេះ មានសារៈសំខាន់ផ្នែកវប្បធម៌ ហើយពេលថ្ងៃក្រោយអាចបន្សល់ទុកជាស្នាដៃរបស់ខ្លួនសម្រាប់កូនចៅជំនាន់ក្រោយ។
តារាវ័យក្មេង សុគា គីមលាង ហៅ Kon Ant ជានាដការៀនចប់ជំនាញរបាំបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ។ កន្លងមក តារាស្រីរូបស្រស់នេះច្រើនតែលេចមុខក្នុងការថតស្ប៉តផ្សព្វផ្សាយពាណិជ្ជកម្ម ឬថតសម្អាងការ ជាដើម។ ព្រោះទេពកោសល្យ និងសម្រស់ផូផង់ជាអំណោយពីធម្មជាតិរបស់នាង ធ្វើឲ្យតារាស្រីវ័យក្មេងនេះក្តោបប្រជាប្រិយភាពយ៉ាងលឿន គួរផ្សំការធ្លាប់សម្តែងតួអង្គតំណាងទេវតាឆ្នាំថ្មីកាលពីជាងពីរឆ្នាំមុនផងនោះ ធ្វើឲ្យនាងកាន់តែផ្ទុះប្រជាប្រិយភាពខ្លាំងឡើងគួរឲ្យកត់សម្គាល់។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ Facebook, Instagram