ថ្ងៃច័ន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥

ដំណើរការផលិតអំបិលបញ្ចប់ការប្រមូលអំបិលបានជាង ៧ម៉ឺនតោនឆ្នាំនេះ

០៨ មិថុនា ២០២១ | សេដ្ឋកិច្ច

ក្រុមអ្នកផលិតអំបិលខេត្តកំពតបានឲ្យដឹងថា ការផលិតអំបិលឆ្នាំនេះ បានបញ្ចប់ការប្រមូល បានជាង ៧ម៉ឺនតោន តិចជាងឆ្នាំមុន ប៉ុន្តែបរិមាណនេះ គឺអាចធានាតម្រូវការប្រើប្រាស់ក្នុងស្រុកបានគ្រប់ចំនួន ខណៈអំបិលដែលបាននាំចូលនៅសល់ក្នុងស្តុក ប្រមាណ៣ពាន់តោន រួមទាំងអំបិលនាំចូល ពីថៃ និងវៀតណាមផងនោះ។


លោក ប៊ុន ណារិន អ្នកផលិតអំបិលនៅខេត្តកំពតបានឲ្យដឹងថា ដំណើរការផលិតអំបិលនៅខេត្តកំពតឆ្នាំនេះបានបញ្ចប់ការប្រមូលផលហើយ ហើយទិន្នផលអំបិលឆ្នាំនេះប្រមូលបានជាង ៧ម៉ឺនតោនប៉ុណ្ណោះ តែយ៉ាងគឺកម្ពុជានៅរក្សាតល្យភាពទីផ្សារបានមិនមានការខ្វះខាតអំបិលនោះទេ។


លោកប៊ុន ណារិន បានឲ្យដឹងទៀតថា ដំណើរការផលិតអំបិលឆ្នាំនេះមានភាពរអាក់រអួលបន្តិច ដោយសារតែការប្រែប្រួលធាតុអាកាសពោលគឺមានភ្លៀងធ្លាក់ច្រើននៅដើមខែមេសាធ្វើឲ្យដំណើរការផលិតអំបិលជួបឧបសគ្គដោយប្រមូលផលអំបិលបានតិចតួចបំផុត។

 


លោកបន្តអះអាងថា ក្នុងចំណោមបរិមាណអំបិលកំពតប្រមូលបាន ៧ម៉ឺនតោន នេះ គឺបានបញ្ចេញលក់នៅក្នុងទីផ្សារ ចន្លោះពី ២ទៅ៣ម៉ឺនតោនហើយដែរ។ ហើយនឹងបើគិតរហូតមកដល់ថ្ងៃបញ្ចប់ការប្រមូលផលអំបិលកំពតនេះតម្លៃអំបិលចាប់ហក់ឡើងថ្លៃបន្តិចវិញបន្ទាប់ពីបានធ្លាក់ថ្លៃខ្លះចន្លោះ ពី២ ទៅ៣ ៣ពាន់រៀល សម្រាប់អំបិល១បាវទម្ងន់ ៥០ គីឡូក្រាម នៅដើមរដូវប្រមូលផល។

 


លោកបញ្ជាក់ថា តម្លៃអំបិលបានងើបឡើងថ្លៃវិញចម្លោះពី ១ម៉ឺន២ពាន់ ទៅ១ម៉ឺន៣ពាន់រៀលសម្រាប់អំបិល ១បាវទម្ងន់៥០គីឡូគ្រាម ខណៈនៅដើមរដូវប្រមូលផល អំបិលមានតម្លៃចន្លោះ ៨ពាន់ទៅ៩ពាន់រៀលសម្រាប់អំបិល ១បាវទម្ងន់៥០គីឡូគ្រាម។

 


យ៉ាងណាបើតាមលោកប៊ុន ណារិន ក្នុងឆ្នាំ ២០២១ នេះផ្ទៃដីធ្វើស្រែអំបិលនៅខេត្តកំពតមិនប្រែប្រួលទេបើធៀបនឹងឆ្នាំ ២០២០ ដោយមានទំហំជាង ៣ពាន់ ហិកតា ជាមួយក្រុមផលិតជាង ១៣៩ ក្រុមនៅបន្តផលិតដដែល។

 

 

និងបើយោងតាមរបាយការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីឆ្នាំ ២០២០ ខេត្តកំពតផលិតអំបិលបានប្រមាណ ៨ម៉ឺន៥ពាន់តោន និងខេត្តកែបផលិតបានជាង ២ម៉ឺនតោន និងបើគិតពីតម្រូវការប្រើប្រាស់អំបិលក្នុង១ឆ្នាំ ក្នុងរង្វង់១០ម៉ឺនតោន។

 


របាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០កន្លងមក ផ្ទៃដីធ្វើស្រែអំបិលក្នុងខេត្តកំពត និងខេត្តកែបមានទំហំសរុប ៤ពាន់ ៧៤៨ ហិកតា និងបើអាកាសធាតុអំណោយផលក្នុង ១ ហិកតាគេអាចផលិតអំបិលបានជាមធ្យម ២០ តោន ក្នុងរយៈពេល ១ ឆ្នាំ៕

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025