ថ្ងៃអង្គារ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៥

កូនធំបន្តិចទើប សុផា លីនដា នឹកនារឿងរៀបការ និងស្រវាការងារសិល្បៈជាថ្មី

១០ ឧសភា ២០២១ | កម្សាន្ដ


បន្ទាប់ពីភ្ជាប់ពាក្យកាលពីខែកញ្ញា ឆ្នាំ២០២០ និងសម្រាលកូនបានជាង១ខែ តារាម៉ូដែល និងជាពិធីការិនី អ្នកនាង សុផា លីនដា បង្ហើបឲ្យដឹងថា ពិធីមង្គលការ និងការងារសិល្បៈរបស់នាង នឹងត្រូវពន្យារហូតដល់កូនធំបន្តិចទើបគិតឡើងវិញជាថ្មី។

 


តារាម៉ូដែល និងជាពិធីការិនីរូបស្រស់ចូលចិត្តសម្ញែងល្វែងលើអ្នកនាង សុផា លីនដា បានប្រកាសផ្អាកពីការងារសិល្បៈ និងពន្យារពេលចូលរោងការចាំដល់កូនធំបន្តិចសិន បន្ទាប់ពីសម្រាលកូនស្រីដ៏គួរឲ្យស្រឡាញ់ ជាចំណងដៃជាមួយនឹងគូដណ្តឹងជាអ្នកជំនួញអាណិកជនខ្មែរ-អាមេរិកជាម្ចាស់ភោជនីយដ្ឋាន «ខ្ទះពុះ» នៅម្តុំក្រោយវិទ្យាស្ថានវ៉ាន់ដា។

 


ភោជនីយដ្ឋាន «ខ្ទះពុះ» គឺជាអាជីវកម្មដែលអ្នកទាំងពីរបង្កើតឡើងរួមគ្នាតាំងពីមានឈ្មោះជាគូស្នេហ៍ ដោយអាជីវកម្មនេះត្រូវគេដឹងថា បានចំណាយទុករាប់ម៉ឺនដុល្លារ ហើយមិនយូរប៉ុន្មានទាំងពីរនាក់បានភ្ជាប់ពាក្យរឹតបន្តឹងចំណងស្នេហ៍កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២០។

 


អ្នកនាង សុផា លីនដា និងគូដណ្តឹងអាណិកជនខ្មែរ-អាមេរិក លោក កាំង ប៊ុណ្ណា បានទទួលស្វាគមន៍សមាជិកថ្មីកូនស្រីជាទីស្រឡាញ់ដែលចាប់កំណើតកាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២១ ដោយពេលនេះដំណក់ឈាមរួមគ្នាដំបូងរបស់អ្នកទាំងមានវ័យជាង ១ខែហើយ ខណៈអ្នកទាំងពីរបានដាក់ឈ្មោះថា «Penelope»។

 


បង្ហើបឲ្យសារពត៌មានក្នុងស្រុកដឹងកាលពីពេលថ្មីៗ តារាសម្ដែង តារាបង្ហាញម៉ូដ និងពិធីការិនី សុផា លីនដា ថា ចំពោះគម្រោងរៀបការរបស់ពួកគេនៅក្នុងឆ្នាំ២០២១នេះ ត្រូវលើកពេលហើយព្រោះថា ពេលនេះកូនស្រីរបស់អ្នកនាងទើបតែមានអាយុជាង១ខែប៉ុណ្ណោះ ខណៈដែលស្ថានភាពជំងឺកូវីដ១៩ក៏មិនទាន់មានភាពធូរស្បើយ និងមិនអាចមានអំណោយផលល្អសម្រាប់ការរៀបចំពិធីមង្គលការ ឬពិធីជប់លៀងជួបជុំគ្នានោះទេ។

 


លីនដាបន្តថា ផែនការរៀបការលែងមានពេលកំណត់ច្បាស់លាស់ហើយ តែអាចច្រើនឆ្នាំទៅទៀត ពោលគឺទាល់តែកូនរៀងធំបន្ដិច ទើបអាចគិតគូររឿងរៀបការនេះសាជាថ្មីបាន។ ទោះបីជាពេលនេះមានកូន១ ប៉ុន្ដែជីវិតរស់នៅក្នុងគ្រួសារមិនប្រែប្រួលច្រើនពេកនោះទេ ព្រោះថាកូនស្លូត ហើយស្វាមីក៏ជួយមើលថែកូនជាប្រចាំផងដែរ។ ចាំពេលស្ងប់ស្ងាត់កូវីដពេលខាងមុខគ្រោងធ្វើពិធីបង្កក់កូនជាលក្ខណៈគ្រួសារ។

 


ចំណែកឯរឿងអាជីពសិល្បៈវិញ ក្រោយមានកូនស្រី ១ គឺអាចរយាលពីការងារសិល្បៈបន្តិចសិនដែរ និងមានចង់គិតទៅលើការងាររកស៊ីច្រើនជាងរឿងសិល្បៈ ទោះបីជាខាងស្វាមីមិនហាមឃាត់មែនក្តី ពោលគឺស្ថិតនៅលើការសម្រេចចិត្តរបស់នាងតែប៉ុណ្ណោះ។


ឪពុករបស់កូនស្រី សុផា លីនដា ឈ្មោះថា កាំង ប៊ុណ្ណា។ លោកត្រូវគេស្គាល់ថា ជាអ្នកជំនួញបានទៅរស់នៅ និងបន្តការសិក្សាឯរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក តាំងពីកុមារ ហើយបានត្រឡប់មកដាក់ទុនរកស៊ីនៅទឹកដីកំណើតប្រមាណ ៣-៤ ឆ្នាំចុងក្រោយនេះ និងមានបទពិសោធលើអាជីវកម្មភោជនីយដ្ឋានក្នុងចំណោមមុខរបរជាច្រើនទៀត។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងហ្វេសប៊ុក

 


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025