ថ្ងៃច័ន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥

ការនាំចេញកង់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតំបន់អាស៊ាន និងលេខ ៥ ក្នុងពិភពលោក

១៥ មករា ២០២១ | សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ការនាំចេញកង់របស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិគឺមានកំណើនល្អនៅក្នុងឆ្នាំ២០២០ និងក៏ត្រូវបានជាប់ចំណាត់ថ្នាក់លេខ១ ផងដែរនៅក្នុងតំបន់អាស៊ាន និងលេខ៥ ក្នុងពិភពលោក។

 

 

ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញកង់ សរុបចំនួន ៥២៧លានដុល្លារអាមេរិក កើនឡើងជាង២៧ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩។

 


ឯកឧ្តមអះអាងថា ហេតុផលដែលជំរុញឲ្យការផលិតនាំចេញកង់មានការកើនឡើងល្អប្រសើរសម្រាប់កម្ពុជា គឺដោយសាតែគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាមានភាពច្បាស់លាស់ ដែលគាំទ្រដល់វិនិយោគិន ឲ្យមានទំនុកចិត្តខ្ពស់មកធ្វើការវិនិយោគនៅកម្ពុជា ដោយបន្ថែមខ្សែច្រវ៉ាក់ផលិតកម្មជាបន្តបន្ទាប់ ជាពិសេសរោងចក្រផលិតកង់នៅក្រុងបាវិត។

 

 

និងលើសពីនេះទៀតគឺទីផ្សារដែលកម្ពុជាធ្លាប់តែដណ្តើមបានក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកមានការជឿងទុកចិត្តពីប្រទេសអ្នកប្រើប្រាស់គឺគុណភាព។

 


ឯកឧត្តមបន្ថែមថា ជាច្រើនឆ្នាំមកនេះកម្ពុជា ប្រកួតប្រជែងជាមួយនឹងតៃវ៉ាន់ ដោយបាននាំចេញកង់ទៅទីផ្សារអន្តរជាតិជាប់ចំណាត់ថ្នាក់ល្អលេខ១ ហើយប្រសិនជាមិនមានបញ្ហានៃជំងឺកូវីដ១៩ ទេ តួលេខនៃការនាំចេញកង់របស់កម្ពុជាអាចខ្ពស់ជាងនេះ ហើយក៏រំពឹងផងដែរថាសម្រាប់ឆ្នាំ២០២១ នេះ ការផលិតកង់នៅកម្ពុជានឹងមានចំនួនកើនឡើង ដែល នឹងធ្វើឲ្យការនាំចេញមានភាពល្អប្រសើរតទៅទៀតដែរ ខណៈដែលរោងចក្រផលិតកង់ដែលមានស្រាប់កំពុងពង្រីកច្រវ៉ាក់ផលិតកម្មបន្ថែម និងព្រមទាំងបានបំពាក់នូវបច្ចេកវិទ្យាផង។

 


ឯកឧត្តមបានបន្ដថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥  ហើយទីផ្សារគោលដៅ ដែលកម្ពុជានាំចេញ កង់កន្លងមករួមមាន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស ប៊ែលហ្ស៊ិក ហូឡង់ អូទ្រីស ស៊ុយអែត ដាណឺម៉ាក អូស្ត្រាលី សាធារណរដ្ឋឆែក  អ៊ីតាលី កូឡុំប៊ី សាធារណរដ្ឋកូរ៉េ  អេស្ប៉ា និងកាណាដាជាដើម។

 


ជាមួយគ្នានេះ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បានអះអាងដែរថា នេះជាសញ្ញាមួយដ៏ល្អដែលប្រទេសកម្ពុជាមិនធ្លាប់មានឈ្មោះទេនាពេលកន្លងមកក្នុងការផលិតកង់សម្រាប់នាំចេញនេះគឺមានតែប្រទេសជប៉ុន ចិនតៃវ៉ាន់ និងបណ្តាប្រទេសសហគមអឺរ៉ុបមួយចំនួនប៉ុណ្នោះ។

 

 

លោកថា ចំណាត់ថ្នាក់ខ្ពស់នៃការនាំចេញកង់របស់កម្ពុជាពេលនេះធ្វើឲ្យកម្ពុជាកាន់តែមានឈ្មោះល្អនៅឆាកអន្តរជាតិ ហើយជាងនេះទៀតគឺជួយឲ្យពលរដ្ឋកម្ពុជាមានការងារធ្វើ និងក៏បានធ្វើឲ្យមានចំណូលសេដ្ឋកិច្ចសម្រាប់ជាតិផងដែរ។

 

លោកបន្តថា នេះជាសញ្ញាល្អដែលបញ្ជាក់ថា ការនាំចេញកង់នឹងបន្តភាពរឹងមាំរបស់ខ្លួនបន្ថែមទៀតនៅពេលខាងមុខ។

 

លោកបន្តថា ដោយសារកង់ត្រូវការគ្រឿងផ្គុំផ្សេងៗទៀតនោះ ដូច្នេះបើការនាំចេញកង់មានបរិមាណច្រើន តម្រូវការគ្រឿងផ្គុំក៏នឹងមានច្រើនដែរ។


បើតាមឯកឧត្តម ស៊ាង ថៃ បើទោះបីជាកម្ពុជាជាប់ចំណាត់ថ្នាក់ល្អក្នុងការនាំចេញកង់ក៏ដោយ ក៏កម្ពុជានៅតែមានតម្រូវការនាំចូលកង់ពីបណ្តាប្រទេសផ្សេងៗទៀតដែរ ហើយក្នុងនោះភាគច្រើន កម្ពុជា នាំចូលកង់ពី ជប៉ុន ចិន តៃវ៉ាន់ វៀតណាម សហរដ្ឋអាមេរិក ថៃ អូស្ត្រាលី និងបារាំងជាដើម ដែលគិតជាទឹកប្រាក់នៃការនាំចូលកង់ ពេញមួយឆ្នាំ២០២០ សរុបចំនួនជាង៨លាន៣សែនដុល្លារ ថយចុះជាង ១៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩៕
 

 

 

 

 

 

អត្ថបទ៖ ស៊ឺន សុន និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025