ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៩ ខែតុលា ឆ្នាំ២០២៥
តារាល្បីក្នុងសង្គមសិល្បៈកម្ពុជាបាននាំគ្នាបង្ហោះសារយ៉ាងព្រោងព្រាតលើសង្គមហ្វេសប៊ុក និងអ៊ីនស្រា្តក្រាម ភ្ជាប់ជាមួយរូបភាពគ្រោះទឹកជំនន់ជាច្រើនសន្លឹក សូមឲ្យកម្ពុជារួចផុតគ្រោះទឹកជំនន់។
ខណៈប្រទេសកម្ពុជាកំពុងជួបគ្រោះទឹកជំនន់ បង្កឲ្យផ្ទះសម្បែង ផ្លូវ សាលារៀន និងលិចលង់អស់ទ្រព្យសម្បត្តិជាច្រើនមុខ គេឃើញមានសារបួងសួង ភ្ជាប់ជាមួយរូបភាពបង្ហាញពីស្ថានភាពទឹកកំពុងលិចលង់ជាច្រើនសន្លឹករបស់តារាល្បីៗបានបង្ហោះជាសាធារណៈយ៉ាងព្រោងព្រាតពាសពេញសង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាម បួងសួងសុំឲ្យប្រជាជនកម្ពុជា និងប្រទេសកម្ពុជាជៀសផុតពីគ្រោះធម្មជាតិដែលបាននឹងកំពុងកើតនេះឆាប់ៗ។
តារាល្បីៗដែលបានប្រើប្រាស់សង្គមហ្វេសប៊ុក និងអ៊ីនស្រ្តាក្រាមដើម្បីបង្ហោះសារទាំងនោះរួមមាន៖ តារាចម្រៀងស្រីជួរមុខប្រចាំប្រទេសកម្ពុជា ឱក សុគន្ធកញ្ញា កញ្ញា មាស សុខសោភា លោក ឆន សុវណ្ណរាជ លោក ណុប បញ្ញារិទ្ធ លោក ខាត់ ជេមស៍ តារាសម្តែង ប៉ុប រចនា រាជនីក្រមា មាន សូនីតា និងតារាផ្សេងៗទៀតជាច្រើនរូប។
ក្រៅពីនេះក៏មានតារាចម្រៀងលំដាប់ជួរមុខ ព្រាប សុវត្ថិ ផងដែរ ដោយលោកបានធ្វើការចូលរួមបរិច្ចាគអង្ករចំនួន២តោនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ និង បាត់ដំបង។ នេះបើតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុករបស់លោក ហេង ឡុង។
តារាល្បីៗដែលបានរៀបរាប់ឈ្មោះទាំងអម្បាលមាណ បានធ្វើការបួងសួងស្រដៀងៗគ្នា សូមឲ្យប្រទេសកម្ពុជារួចផុតពីគ្រោះធម្មជាតិនេះ ថែមទាំងបានផ្តាំផ្ញើរឲ្យបងប្អូនប្រជាជនបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលបានកើតនេះថែមទៀតផង។
ខណៈគ្រោះទឹកជំនន់កំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរនេះ ក៏មានការខូចខាតដល់ផ្ទះសម្បែងនៅស្រុកកំណើតកំណើតរបស់តារាក្នុងសង្គមសិល្បៈផងដែរ ជាក់ស្តែង ដូចជាផ្ទះ តារាសម្តែង សេង មង្គល នៅខេត្តពោធិសាត់។
គួររំលឹកថា នេះមិនមែនជាលើកទីមួយឡើយដែលសិល្បករ សិល្បការីល្បីឈ្មោះបោះសម្លេងក្នុងសង្គមសិល្បៈកម្ពុជានាំគ្នាចេញមុខបង្ហោះសារព្រោងព្រាតចំពោះគ្រោះធម្មជាតិ និងគ្រោះថ្នាក់ដែលកើតមានក្នុងប្រទេសកម្ពុជា។
លើសពីការចេញមុខតាមបណ្តាញសង្គម តារាភាគច្រើនសុទ្ធសឹងធ្លាប់ចូលរួមបរិច្ចាគថវិកាផ្ទាល់ជួយឧបត្ថមដល់គ្រោះថ្នាក់ដែលបានកើតមានទៀតផង តួយ៉ាងដូចជាកំឡុងកូវីដ១៩មានការរាតត្បាតខ្លាំងជាដើម។
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក