ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥
យោងតាមសេចក្ដីជូនដំណឹងរបស់បេឡាជាតិរបបសន្តិសុខសង្គម បសស ដើម្បីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលជូនកម្មករនយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធ កាន់តែលឿនទាន់ពេលវេលា ងាយស្រួល និងមានប្រសិទ្ធភាពដល់សាមីខ្លួន បសស បានណែនាំអោយកម្មករនយោជិតជាស្ត្រី ឬសាច់ញាតិ ត្រូវអញ្ជើញទៅយកទម្រង់ស្នើរសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលពេលសម្រាលកូន យ៉ាងយូរ៣ខែមុនសម្រាល នៅស្នាក់ការ បសស រាជធានីខេត្ត ខណ្ឌ។
ក្រោយពេលសម្រាលរួច សាមីខ្លួន ឬសាច់ញាតិរបស់ខ្លួនត្រូវយកទម្រង់ស្នើរសុំប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលពេលសម្រាលកូន ដែលមានហត្ថលេខា និងឈ្មោះរបស់គ្រូពេទ្យ បញ្ជាក់ថាសាមីខ្លួនពិតជាបានសម្រាលកូនប្រាកដមែន យកទៅដាក់នៅស្នាក់ការ បសស រាជធានី ខេត្ត ខណ្ឌ។ បើតាម បសស សុពលភាពទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាចរដ្ឋាភិបាលមានរយៈពេល១ខែបន្ទាប់ពីសម្រាលរួច។
បើតាម បសស សេចក្ដីជូនដំណឹងនេះចាប់អនុវត្តន៍ចាប់ពីថ្ងៃទី១ខែមិថុនាខាងមុខនេះ ហើយអង្គភាពមួយនេះសង្ឃឹមថា កម្មករនយោជិតជាស្ត្រីទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ អនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
សូមបញ្ជាក់ថា រយៈពេលជាង ២ឆ្នាំមកហើយ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ បន្ថែម ជូនដល់បងប្អូនកម្មការិនីជាស្រ្តីសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធទាំងអស់ ដែលជាសមាជិក ប.ស.ស។ ក្នុងនោះសម្រាលបានកូនមួយ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤០ម៉ឺនរៀល,សម្រាលបានកូនភ្លោះពីរ ទទួលបានប្រាក់ឧបត្ថម្ភ ៨០ម៉ឺនរៀល,សម្រាលបានកូនភ្លោះបី ទទួលបានប្រាក់ឧបត្ថម្ភ ១២០ម៉ឺនរៀល ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥លានរៀលពីសម្ដេចតេជោ និងភរិយា។
គិតតែក្នុងឆ្នាំ២០១៩ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសរុប ប្រមាណជាង ៣១ពាន់លានរៀល ត្រូវបានបើកផ្តល់ជូនដល់កម្មការិនីសម្រាលកូន តាមរយៈ ប.ស.ស. ហើយមានការកើនឡើងរហូតដល់ទៅ ១៩% ធៀបទៅនឹង ឆ្នាំ២០១៨៕
អត្ថបទ៖ សំ ជំនាញ