ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

កម្មករនិយោជិតសម្រាលកូនចំនួន ៥៤៨០នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងខែឧសភា

០៤ មិថុនា ២០២១ | ព័ត៌មានជាតិ

យ៉ាងហោចណាស់ មានកម្មករនិយោជិត ជាស្ត្រីសម្រាលកូនចំនួន ៥៤៨០នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែម ពីរាជរដ្ឋាភិបាលកម្ពជា តាមរយៈបេឡាជាតិសន្តិសុខសង្គម ប.ស.ស នៅក្នុងខែឧសភា កន្លងទៅនេះ។ អង្គភាព ប.ស.ស អះអាងថា រាជរដ្ឋាភិបាល នៅតែផ្ដល់ប្រាក់ឧបត្ថម្ភយ៉ាងទៀងទាត់ជូនដល់កម្មករនិយោជិត សម្រាលកូន ទោះបីជាស្ថិតក្នុងវិបត្តិកូវីដ១៩ យ៉ាងណាក៏ដោយ។

 


បេឡាជាតិសន្តិសុខសង្គមអះអាងថា បើទោះបីជាវិបត្តិកូវីដ-១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិ ជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ជាក់ស្ដែងនៅក្នុងខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបានចំណាយថវិកាសរុបប្រមាណជាង ២.២ពាន់លានរៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល បានផ្តល់ជូនស្រ្តីសម្រាលកូនជាសមាជិក ប.ស.ស. ចំនួន ៥ ៤៨០នាក់ និងមានកូនចំនួន ៥ ៥៣៣នាក់។ 

 


ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់មន្ត្រីបុគ្គលិកក្រោមឱវាទបន្តខិតខំបំពេញការងាររបស់ខ្លួន ក្នុងការបម្រើអត្ថប្រយោជន៍ជូនដល់កម្មករនិយោជិតដែលជាសមាជិក ប.ស.ស. ឱ្យទាន់ពេលវេលា។ បច្ចុប្បន្នមានប្រជាពលរដ្ឋ ជាកម្មករនយោជិតទាំងក្នុង និងក្រៅប្រព័ន្ធបានងាកមករកសេវាគាំពារសង្គមរបស់រដ្ឋមួយនេះ ធ្វើឳ្យចំនួនសមាជិកមានការកើនឡើងជាលំដាប់ ខណៈអ្នកទៅរកសេវាមានចំនួនរាប់រយនាក់ក្នុងមួយថ្ងៃ។

 


បងប្អូនកម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច៩ខែ ក្នុងរយៈពេល ១២ខែ គិតមកដល់ខែសម្រាលកូន នឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល៩០ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀត ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។

 


សូមបញ្ជាក់ថា រហូតមកទាល់ពេលនេះ បេឡាជាតិសន្តិសុខសង្គម( ប.ស.ស.) មានសមាជិក ដែលជាកម្មករនិយោជិត ក្នុង និងក្រៅប្រព័ន្ធសរុបប្រមាណជាង ២លាន់នាក់ហើយ ដែលកំពុងប្រើប្រាស់សេវា និងទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមពី (ប.ស.ស.) ហើយនៅពេលដ៏ខ្លីខាងមុខនេះ (ប.ស.ស.)នឹងដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនផងដែរ៕


អត្ថបទ៖ សំ ជំនាញ, រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025