ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

មានបណ្ណ ប.ស.ស. លែងខ្វល់នឹងលក់កេរមរតក ឬខ្ចីលុយគេ ដើម្បីព្យាបាលជំងឺ

២៥ មិថុនា ២០២៤ | ព័ត៌មានជាតិ


មន្ត្រីបានឱ្យដឹងថា ចាប់ពីការដាក់ដំណើរការ នាឆ្នាំ២០១៨ មក ប.ស.ស. មានសមាជិកប្រើសេវាជាង ១៧លាន ៥សែនករណីហើយ។ គ្រាន់តែឆ្នាំ២០២៣ កន្លងទៅ មានជាង ៥លានករណី ដែល ប.ស.ស ត្រូវរ៉ាប់រងចំណាយដល់មន្ទីរពេទ្យ។ ពោលគឺមានបណ្ណ ប.ស.ស. លែងបារម្ភនឹងលក់ទ្រព្យសម្បត្តិ ឬខ្ចីលុយគេ ដើម្បីព្យាបាលជំងឺទៀតហើយ។

 


គិតត្រឹមសប្ដាហ៍ទី៣ នៃខែមិថុនា ឆ្នាំ២០២៤ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលគេស្គាល់ជាទូទៅថា ប.ស.ស. មានសមាជិកចំនួន ២,២ លាននាក់ ក្នុងចំណោមនោះសមាជិក ជាបុគ្គលក្រោមវិស័យសាធារណៈ ជាង ៤៣ ម៉ឺននាក់ បុគ្គលក្រោមបទប្បញ្ញត្តិច្បាប់ស្តីពីការងារជាង ១,៥ លាននាក់ និងបុគ្គលស្វ័យនិយោជន៍ ជាង ២២ ម៉ឺននាក់ ព្រមទាំងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ៦,៦ ម៉ឺននាក់ ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ។

 

 

គិតចាប់ពីការដាក់ដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពក្នុងឆ្នាំ២០១៨ មក ប.ស.ស. មានសមាជិកចូលប្រើប្រាស់សេវាជាង ១៧,៥ លានករណី ហើយគ្រាន់តែឆ្នាំ២០២៣ កន្លងទៅ មានសមាជិក ប.ស.ស. ចូលប្រើប្រាស់ ជាង ៥ លានករណី ដែល ប.ស.ស. ត្រូវរ៉ាប់រងលើចំណាយមន្ទីរពេទ្យ។ ប្រការនេះ បានសេចក្ដីថា ប័ណ្ណសមាជិក ប.ស.ស. ហាក់ដូចជាធនាគារមួយនៅក្នុងគ្រួសារ ក្នុងការចំណាយថ្លៃពេទ្យ ធ្វើឱ្យគ្រួសារទាំងនោះលែងបារម្ភពីការលក់ទ្រព្យសម្បត្តិ ខ្ចីបុលអ្នកដទៃ ឬស្ថាប័នហិរញ្ញវត្ថុនានា សម្រាប់ព្យាបាលជំងឺទៀតហើយ ។

 

 

នេះគឺជាការលើកឡើងរបស់ឯកឧត្តម បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។គួរជម្រាបជូនថា ដើម្បីស្នើសុំធ្វើបណ្ណសមាជិក ប.ស.ស. ត្រូវអនុវត្តតាមលក្ខខណ្ឌដូចតទៅ គឺចំពោះសហព័ន្ធ ពោលគឺប្តី ឬប្រពន្ធ ត្រូវមានសេចក្ដីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងត្រូវមានអាយុមិនលើសពី ៦០ ឆ្នាំ។

 

 

រីឯកូនៗក្នុងបន្ទុក ត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត ឬអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ និងត្រូវមានអាយុក្រោម ១៨ ឆ្នាំ ។

 


ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បានបន្ថែមថា ឥឡូវនេះអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស ទាំងអស់ ដូចជាប្តី ឬប្រពន្ធ និងកូន ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ ដោយចំណាយត្រឹមតែ ១៥ ៦០០ រៀលប៉ុណ្ណោះ ក្នុង ១ ខែ ហើយលោកអ្នក នឹងទទួលបានការថែទាំសុខភាពពេញ ២៤ ម៉ោង លើ ២៤ ម៉ោង នៅគ្រប់មន្ទីរពេទ្យដៃគូរបស់ ប.ស.ស ទូទាំងប្រទេស រួមទាំងប្រាក់ឧបត្ថម្ភផង ។ បច្ចុប្បន្ននេះ គិតជាមធ្យមមានការចុះឈ្មោះជាសមាជិក ប.ស.ស. សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៅទូទាំងប្រទេសបានកើនឡើងប្រមាណជា ២ ៥០០ នាក់ ក្នុងមួយថ្ងៃ ៕
 

 

 

អត្ថបទ៖ ខឿន សាឃាង  រូបភាព៖ ឯកសារ 

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025