ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

ស្ត្រីសម្រាលកូនចំនួនជាង ៧ ០០០នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិសន្តិសុខសង្គម

០៧ ធ្នូ ២០២០ | ព័ត៌មានជាតិ

បេឡាជាតិរបបសន្តិសុខសង្គម បសស បានប្រកាសអោយដឹងថា សម្រាប់រយៈពេលពេញមួយខែវិច្ឆិការកន្លងទៅ មានស្ត្រីប្រមាណជាង៧០០០នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអង្គភាពមួយនេះ ដើម្បីចូលរួមចំណែកសម្រួលដល់ជីវភាពរបស់ស្ត្រីទាំងនោះ ស្របពេលផែនការយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាលកំពុងដាក់ចេញជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

 


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពេញមួយខែវិច្ឆិកាកន្លងទៅនេះ អង្គភាពខាងលើបានផ្តល់ជូនរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណជាងចំនួន២ ៨២៦លានរៀល បើកផ្តល់ជូនស្រ្តីកម្មការិនីសម្រាលកូនចំនួន ៧ ០១៤នាក់ មានចំនួនកូនសរុប ៧ ០៦៧នាក់។


បសស ចាត់ទុកថា ទាំងនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

 


បើទោះបីជាមានការវាយតម្លៃខ្ពស់ និងទទួលបានការកោតសរសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិតជាសមាជិកយ៉ាងណាក៏ដោយ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបាន និងកំពុងបន្តដឹកនាំអនុវត្តដោយយកចិត្តទុកដាក់ ឆ្លើយតបតាមការទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ គឺធ្វើយ៉ាងណាឱ្យការផ្តល់សេវាគាំពារសង្គមមួយនេះ កាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនបងប្អូនកម្មករនិយោជិតជាសមាជិករបស់ខ្លួន។

 


គួររំលឹកផងដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលកម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញទៅបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន ដោយភ្ជាប់ជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

 


ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន ឬជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ៕

 

អត្ថបទ៖ សំ ជំនាញ រូបភាពឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025