ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥

ស្ត្រីសម្រាលកូនចំនួនជាង ៦៥០០នាក់ ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈបេឡាជាតិសន្តិសុខសង្គម ក្នុងខែមករា

០៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

បេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស បានប្រកាសថា សម្រាប់រយៈពេលពេញមួយខែមករាកន្លងទៅ មានស្ត្រីប្រមាណជាង ៦៥០០នាក់ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែកសម្រួលដល់ជីវភាពរបស់ស្ត្រីទាំងនោះ ស្របពេលផែនការយុទ្ធសាស្ត្រសំខាន់របស់រាជរដ្ឋាភិបាល កំពុងដាក់ចេញជាពិសេសគិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

 


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ពេញមួយខែមករាឆ្នាំ២០២១កន្លងទៅនេះ អង្គភាពខាងលើបានផ្តល់ជូនរបបប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រមាណជាងចំនួន២ ៦៤៤លានរៀល ត្រូវបានបើកផ្តល់ជូនស្រ្តីកម្មការិនីសម្រាលកូនចំនួន៦៥៦៣នាក់ មានចំនួនកូនសរុប ៦៦១២នាក់។

បសស ចាត់ទុកថា ទាំងនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល តែងតែគិតគូរពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត។

 


ប៉ុន្តែទោះបីជាមានការវាយតម្លៃខ្ពស់ និងទទួលបានការកោតសរសើរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ព្រមទាំងមានការគាំទ្រពីសំណាក់បងប្អូនកម្មករនិយោជិតជាសមាជិកយ៉ាងណាក៏ដោយ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបាន និងកំពុងបន្តដឹកនាំអនុវត្តដោយយកចិត្តទុកដាក់ ឆ្លើយតបតាមការទុករបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនោះ គឺធ្វើយ៉ាងណាឱ្យការផ្តល់សេវាគាំពារសង្គមមួយនេះ កាន់តែមានភាពល្អប្រសើរ និងទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជូនបងប្អូនកម្មករនិយោជិតជាសមាជិករបស់ខ្លួន។

 


សូមបញ្ជាក់ថា ពេញមួយឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ត្រូវបានបើកផ្តល់ដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន ៨១ ០០០នាក់ ដោយចំណាយទឹកប្រាក់អស់ប្រមាណជាង ៣២ពាន់លានរៀល តាមរយៈបេឡាជាតិសន្តិសុខសង្គម។ បើប្រៀបធៀបកាលពីឆ្នាំ២០១៩ និងឆ្នំា២០១៨ ទាំងចំនួនម្ដាយជាសមាជិក បសស និងកូន មានការកើនឡើងគួរអោយកត់សម្គាស់។

 


ទោះបីជាឥទ្ធិពលនៃជំងឺកូវីត១៩ បានជះឥទ្ធិពលអវិជ្ជមានដល់វិស័យនានាយ៉ាងណាក៏ដោយ ប៉ុន្តែមិនបានជះឥទ្ធិពលអ្វីដល់ដំណើរការឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនចំពោះកម្មករនយោជិតជាស្ត្រីសម្រាលកូននោះទេ។


គួររំលឹកផងដែរថា ដើម្បីទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល សមាជិក ប.ស.ស. ជាស្រ្តីទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាលកម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញទៅបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងអំឡុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន ដោយភ្ជាប់ជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល (អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរស័ព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។

 


ករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងអំឡុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន ឬជូនដំណឹងមក ប.ស.ស. តាមលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ៕

 

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ ឯកសារ  
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025