ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥
របាយការណ៍ពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈប្រចាំឆ្នាំ២០២០ បានបង្ហាញថា បើទោះបីស្ថានភាពកូវីដ ធ្វើឱ្យពិភពលោក បានបង្ហាញពីឱនភាពសេដ្ឋកិច្ច យ៉ាងណាក៏ដោយ ក៏មិនទាន់មានផលប៉ះពាល់ដល់ដំណើរការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករនិយោជិត នៅកម្ពុជានៅឡើយទេ។ ក្នុងនោះ នៅឆ្នាំ២០២០ កន្លងមក មានកម្មការិនីសម្រាលកូន ជាសមាជិកប.ស.ស. កើនឡើង ជាងឆ្នាំ២០១៩ ខណៈកូនភ្លោះ ៣ មានចំនួន ១៣នាក់។
ពេញមួយឆ្នាំ២០២០កន្លងទៅនេះ ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ត្រូវបានបើកផ្តល់ដល់កម្មករនិយោជិតជាស្ត្រីសម្រាលកូនចំនួន ៨០ ៤៩៩នាក់ ក្នុងនោះចំនួនកូនមាន ៨១ ០០០នាក់ ដោយចំណាយទឹកប្រាក់អស់ប្រមាណជាង ៣២ពាន់លានរៀល តាមរយៈបេឡាជាតិសន្តិសុខសង្គម។ បើប្រៀបធៀបកាលពីឆ្នាំ២០១៩ និងឆ្នំា២០១៨ ទាំងចំនួនម្ដាយជាសមាជិក បសស និងកូន មានការកើនឡើងគួរអោយកត់សម្គាស់។
ទោះបីជាយ៉ាងណា ក្នុងចំណោមម្ដាយ និងកូនតូចទាំងនោះ ក៏មានស្ត្រីដែលសម្រាលបានកូនភ្លោះបីចំនួន១៣នាក់ ខណៈខែដំបូងនៃឆ្នាំ២០២១នេះ ក៏មានស្រ្តី២នាក់ទៀតដែលសម្រាលបានបានកូនភ្លោះ៣ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្សេងៗជាច្រើនទៀត ដែល ប.ស.ស. បានផ្តល់ជូន។
ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. ចាត់ទុកការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺប្រកបដោយភាពឈ្លាសវៃ និងត្រឹមត្រូវបំផុត។ រាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិត តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដែលមានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជាសេនាធិកាផងដែរ។
ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីជាសមាជិក បសស ដែលបានសម្រាល់បន្តដំណើរការជាប្រក្រតី។ ពោលវិបត្តិកូវីត១៩ មិនបានជះឥទ្ធិពលអវិជ្ជមានដល់ដំណើរការឧបត្ថម្ភសាច់ប្រាក់នេះឡើយ ។ ក្នុងនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការណ៍ច្បាស់លាស់ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្នុងការការពារជំងឺសកលដ៏សាហាវមួយនេះ។
ទោះបីជាយ៉ាងណា បសស នៅតែបន្តអំពាវនាវដល់កម្មករជាស្ត្រី ឬម្ចាស់រោងចក្រសហគ្រាស ដែលមិនទាន់បានចុះបញ្ជីបុគ្គលិករបស់ខ្លួនជាសមាជិក បសស ត្រូវប្រញ៉ាប់រួសរាន់ទៅចុះបញ្ជីរជាសមាជិកនៅស្នាក់ការបេឡាជាតិរបបសន្ដិសុខសង្គម ដើម្បីទទួលបានកញ្ចប់អត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល នៅពេលសម្រាលកូន។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាសាធារណៈសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ដល់កម្មការិនីដែលទើបសម្រាលកូនទាំងក្នុង និងក្រៅប្រព័ន្ធ ឱ្យទទួលបានរបបប្រាក់ឧបត្ថម្ភបន្ថែមដោយស្ត្រីសម្រាលបានកូនម្នាក់ ទទួលបាន ៤០ម៉ឺនរៀល,សម្រាលបានកូនភ្លោះពីរ ទទួលបាន ៨០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបី ទទួលបាន ១លាន ២០ម៉ឺនរៀល។ ថវិកាទាំងនេះត្រូវបានបើកផ្តល់ជូន តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ៕
អត្ថបទ៖ សំ ជំនាញ រូបភាព៖ ឯកសារ