ថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥

ក្រោយក្តោបឱកាសការងារ ម៉ូដែលវ័យក្មេងហ្វីលីពីន Elijah Stark Guevarra ចង់ប្រម៉ូតសិល្បៈវប្បធម៌កម្ពុជាឱ្យច្រើន

១៩ កញ្ញា ២០២៥ | កម្សាន្ដ

 

 

ធ្វើដំណើរមកកម្ពុជាជាលើកដំបូង ម៉ូដែលវ័យក្មេងហ្វីលីពីន Elijah Stark Guevarra ក្តោបបានទាំងឱកាសការងារ និងបានរៀនសូត្រពីសិល្បៈវប្បធម៌ខ្មែរដើម្បីជួយបង្ហាញទៅអន្តរជាតិ។ថ្មីៗកន្លងទៅនេះ តារាម៉ូដែលវ័យក្មេងហ្វីលីពីន កុមារា អាឡៃចា ស្តាក ហ្គូវ៉ារ៉ា (Elijah Stark Guevarra) បានបង្ហាញវត្តមាននៅកម្ពុជាជាលើកដំបូង ដើម្បីបំពេញការងារនៅកម្ពុជា និងឆ្លៀតប្រម៉ូតពីសិល្បៈវប្បធម៌ខ្មែរផងដែរ។

 


 
ការធ្វើដំណើរមកកម្ពុជារបស់ អាឡៃចា គឺស្ថិតក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកជនជាតិហ្វីលីពីន លោក Mathew Tan (ម៉ាតសៀវ តាន់) ស្ថាបនិកសាលាបង្រៀនដើរម៉ូដ និងម៉ូដែល The RAMP Academy។ ដូច្នេះ រាល់ការងារទាំងអស់ពាក់ព័ន្ធម៉ូដែលវ័យ ៩ឆ្នាំនេះ គឺ ម៉ាតសៀវ ជាអ្នកគ្រប់គ្រង និងរៀបចំឱ្យបានត្រឹមត្រូវតាមដំណាក់កាលនីមួយៗ។ក្នុងបទសម្ភាសន៍ជាមួយភីអិនអិន កាលពីពេលថ្មីៗ​ ម៉ូដែលវ័យក្មេងហ្វីលីពីន អាឡៃចា សប្បាយចិត្ត និងរំភើបដែលបានមកថតម៉ូដឱ្យប្រេនសម្លៀកបំពាក់ល្បីឈ្មោះនៅកម្ពុជា ពិសេសបានថតឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាត។
 

 


លោក Mathew Tan (ម៉ាតសៀវ តាន់) ស្ថាបនិក The RAMP Academy ឱ្យដឹងថា គោលដៅចម្បងដែល អាឡៃចា មកកម្ពុជាលើកនេះ គឺដើម្បីថតម៉ូដសម្លៀកបំពាក់សម្រាប់ ZANDO Kids ហើយលោកបានរៀបចំឱ្យម៉ូដែលតូចហ្វីលីពីនរូបនេះ ថតឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរផងដែរ ជាការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក។ ម៉្យាង លោកចង់បង្កើនភាពស្និទ្ធស្នាល និងផ្តល់បទពិសោធន៍ការងារឆ្លងប្រទេសឱ្យម៉ូដែលតូចនេះឱ្យច្រើនតាមដែលអាចធ្វើទៅបាន។តាមគម្រោង អាឡៃចា នឹងធ្វើដំណើរចុះឡើងមកកម្ពុជាញឹកញាប់ ដើម្បីបន្តធ្វើការងារសិល្បៈផ្សេងៗក្រោមការរៀបចំរបស់ The RAMP Academy។
 

 


បកប្រែ៖ «The RAMP Academy បានកំពុងចាប់ផ្តើមបញ្ជ្រាបខ្លួនជាលក្ខណៈអន្តរជាតិ ព្រោះខ្ញុំចាប់ផ្តើមមានម៉ូដែលបរទេសវ័យក្មេងមកថតនៅកម្ពុជា និងបង្កើតឱកាសការងារសម្រាប់ពួកគេ។ ឧទាហរណ៍ អាឡៃចា ម៉ូដែលមកពីហ្វីលីពីន ពេលនេះខ្ញុំធ្វើការជាមួយគាត់ ហើយគាត់ជាម៉ូដែលម្នាក់ដែលថតម៉ូដសម្លៀកបំពាក់ឱ្យ ZANDO Kids Collection ហើយអ្វីដែលល្អបំផុតនោះ គឺការថតឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ។ ... ពិតណាស់ គាត់ចង់បានភាពល្បីល្បាញ់ ចង់ឱ្យស្គាល់ច្រើន ហើយគាត់ចង់ប្រូម៉ូតពីសិល្បៈវប្បធម៌ខ្មែរ ព្រោះកម្ពុជា និងហ្វីលីពីន ស្រដៀងគ្នាមែនទែន យើងផ្លាស់ប្តូរវប្បធម៌ និងបទពិសោធន៍រវាងគ្នានិងគ្នា»។
 
 


 
ក្រោយជោគជ័យលើការបណ្តុះបណ្តាលម៉ូដែលវ័យក្មេងកម្ពុជាឱ្យឈ្នះជយលាភីពីឆាកអន្តរជាតិ ម៉ាតសៀវ ចាប់ផ្តើមពង្រីកសក្កានុពល The RAMP Academy តាមរយៈការទទួលគ្រប់គ្រងម៉ូដែលវ័យក្មេងអន្តរជាតិ ព្រោះលោកជឿជាក់ថា ក្មេងៗគ្រប់ជាតិសាសន៍សុទ្ធសឹងតែមានក្តីស្រមៃចង់ក្លាយជាតារាម៉ូដែល។មិនតែប៉ុណ្ណោះ លោកមានគម្រោងបង្កើតការប្រកួតម៉ូដែលថ្នាក់ជាតិនាពេលឆាប់ៗខាងមុខនេះ គឺ «Supet Model Quest 2025» ជាការប្រកួតលក្ខណៈ high fashion ដែលអនុញ្ញាតឱ្យម៉ូដែលគ្រប់ជាតិសាសន៍អាចដាក់ពាក្យប្រកួតបាន។ ជំហានបន្ទាប់ លោកអាចនឹងរៀបចំការប្រកួតលំដាប់អន្តរជាតិនៅកម្ពុជាទៀតផង។
 

 


 
បកប្រែ៖ «យើងនឹងមានរៀបចំការប្រកួតសម្រាប់ក្មេងៗ និងវ័យជំទង់ យើងនឹងរៀបចំ Supet Model Quest 2025 វាជាការប្រកួតបែបផ្សេង មិនមែនលក្ខណៈការប្រកួតបវរកញ្ញាទេ តែជាការប្រកួត high fashion សម្រាប់ក្មេងៗ។ គួរឱ្យរំភើប ការប្រកួតនេះមិនមែនសម្រាប់តែកុមារកម្ពុជាប៉ុណ្ណោះទេ តែបើកជាសេរីសម្រាប់ម៉ូដែលអន្តរជាតិផងដែរ ព្រោះមិនមែនមានតែកុមារកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាតារាម៉ូដែលអាជីពនោះទេ។ ការប្រកួតនឹងរៀបចំឡើងនៅកម្ពុជា ជាការប្រកួតថ្នាក់ជាតិ ខ្ញុំនឹងធ្វើវានៅកម្ពុជាជាលក្ខណៈថ្នាក់ជាតិជាមុន ហើយឆាប់ៗនេះខ្ញុំនឹងធ្វើវាជាលក្ខណៈអន្តរជាតិ ដូច្នេះកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីលំដាប់អន្តរជាតិនេះ។

 

 

Supet Model Quest 2025 ជាការបង្ហាញម៉ូដបែបហ្វេសសិន តែមិនមែនហ្វេសសិនធម្មតា ជាលក្ខណការបង្ហាញម៉ូដបែប high fashion ព្រោះថា មើលឃើញក្មេងៗទាំងនោះស្លៀកសម្លៀកបំពាក់ស្អាតៗល្អៗ តែសម្លៀកបំពាក់ទាំងនោះត្រូវស្ថិតក្នុងទម្រង់ឈុតបែបកុមារដាច់ខាត ហើយភាពខុសគ្នានៃការប្រកួតរបស់ខ្ញុំ គឺខ្ញុំមិនចង់ឱ្យក្មេងៗមើលទៅដូចមនុស្សចាស់ ដូចអ្នកខ្លះដែលស្លៀកពាក់ស៊ិចស៊ី ក្មេងនៅតែជាក្មេង អ៊ីចឹង យើងត្រូវតែរៀបចំបែបលក្ខណៈក្មេងៗ គ្រប់គ្នាត្រូវតែរីករាយតាមបែបជាក្មេងៗ»។សម្រាប់លោកអ្នកមានបំណងចង់ឱ្យកូនៗក្លាយជាតារាម៉ូដែលវ័យក្មេង និងមានបទពិសោធន៍ការងារសិល្បៈទាំងវ័យក្មេង អាចទំនាក់ទំនងទៅកាន់សាលាបង្រៀនដើរម៉ូដ និងម៉ូដែល The RAMP Academy ដើម្បីទទួលយកការបង្រៀនដើរម៉ូដប្រកបដោយគុណភាពស្តង់ដា និងឱកាសការងារផ្សេងៗ រួមទាំងការបណ្តុះភាពក្លាហានដល់ក្មេងៗតាមរយៈការចូលរួមប្រកួតកម្មវិធីអន្តរជាតិផ្សេងៗ។ស្ថិតក្រោមការគ្រប់គ្រងរៀបចំរបស់ The RAMP Academy កន្លងមក ម៉ូដែលវ័យក្មេងកម្ពុជាជាច្រើនរូប ដូចជា ហាមមើឡិត វ៉េណេសា , អាសាន ចាវីឌ , ដូមីនិច អូនលី និង សូហ្វីយ៉ា អូនលី ជាដើម សុទ្ធសឹងតែធ្លាប់ឈ្នះមកុដពីឆាកអន្តរជាតិទាំងវ័យក្មេង ធ្វើឱ្យវិស័យបវរកញ្ញានៅកម្ពុជាមានភាពរីកចម្រើនលឿនគួរឱ្យកត់សម្គាល់៕
 
 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025