ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
មន្ត្រីអាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់ប្រហារទៅលើសិស្សានុសិស្សដែលកំពុងចូលរួមនៅថ្ងៃទីបីនៃពិធីជួបជុំគ្នារបស់សាលារៀននិកាយកាតូលិកមួយក្នុងទីក្រុងមីណេផូលីស រដ្ឋមីនីសូតា សហរដ្ឋអាម៉េរិក កាលពីថ្ងៃពុធបណ្ដាលឱ្យស្លាប់ក្មេង២នាក់ដោយម្នាក់មានអាយុ៨ឆ្នាំ និងម្នាក់ទៀតអាយុ១០ឆ្នាំ និងធ្វើឱ្យមនុស្ស១៧នាក់ទៀតរងរបួស។
មន្ត្រីបាននិយាយថា ជនដៃដល់បានបាញ់ប្រហារទម្លុះកញ្ចក់បង្អួចសាលាសំដៅទៅលើកូនសិស្សដែលកំពុងអង្គុយក្នុងពិធីជួបជុំគ្នានោះ ហើយបន្ទាប់មកគាត់បានបាញ់សម្លាប់ខ្លួនឯង ហើយភ្លាមៗនេះប៉ូលិសមិនទាន់កំណត់ពីមូលហេតុច្បាស់លាស់នៅឡើយទេ។ នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ (FBI) លោក ខាស ផេថេល (Kash Patel) បាននិយាយថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេតជាអំពើភេរវកម្មក្នុងស្រុក និងជាឧក្រិដ្ឋកម្មស្អប់ខ្ពើមដែលផ្តោតលើអ្នកកាន់និកាយកាតូលិក។
ក្រោយពីការវាយប្រហារនេះ លោក ផេថេល បានបង្ហាញអត្តសញ្ញាណខ្មាន់កាំភ្លើងនេះឈ្មោះ រ៉ូប៊ីន វ៉េសម៉េន (Robin Westman) ភេទប្រុស មិនមែនស្រីទេ និងមានអាយុ២៣ឆ្នាំ។ បើតាមមូលដ្ឋានទិន្នន័យស្ដីពីការបាញ់ប្រហារនៅសាលាកម្រិតមេត្ដេយ្យដល់វិទ្យាល័យបង្ហាញថា នេះគឺជាករណីបាញ់ប្រហារលើកទី១៤៦ហើយគិតចាប់តាំងពីដើមឆ្នាំរហូតដល់ពេលនេះ៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន