ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ភ្លើងព្រៃ នៅតែបន្តឆាបឆេះរាលដាលខ្លាំងឡើង នៅតំបន់ភាគពាយ័ព្យ ប្រទេសអេស្ប៉ាញ នៅថ្ងៃអង្គារ នាំឱ្យមានការបារម្ភខ្លាំងឡើងថា ភ្លើងព្រៃ អាចនឹងបន្តរាលដាលទៅឆេះលំនៅដ្ឋាន ប្រជាជនរាប់រយខ្នងនៅខេត្តOurense និងខេត្តLugo។
ក្រុមពន្លត់អគ្គីភ័យ និងយោធា បានប្រមូលផ្តុំគ្នា នៅជិតទីតាំងដែលភ្លើងព្រៃឆេះរាលដាលខ្លាំងក្នុងទីក្រុងAvion។ នៅទីតាំងនេះភ្លើងព្រៃឆេះខ្លាំង បង្កឱ្យមេឃប្រែពណ៌ក្រហមផ្សែងខ្មៅខ្មួលខ្មាញ់ពេញអាកាស។ ជាមួយគ្នា យន្តហោះទម្លាក់ទឹក ហោះទម្លាក់ទឹកពីលើអណ្តាតភ្លើងដែលកំពុងឆេះឡើងយ៉ាងសន្ធោសន្ធៅ ដើម្បីទប់ស្កាត់មិនឱ្យភ្លើងព្រៃឆេះរាលដាល។
អាជ្ញាធរក្នុងតំបន់ បានប្រកាសថា ការប្រកាសអាសន្នកម្រិត២នៅខេត្តOurense ត្រូវបានលុបចេញវិញ ទោះជាភ្លើងព្រៃនៅតែបន្តឆាបឆេះក៏ដោយ។ យ៉ាងណាក៏ដោយ ការប្រកាសអាសន្ននេះ នៅតែបន្តអនុវត្តន៍នៅខេត្តក្បែរខាងLugo ដែលភ្លើងព្រៃនៅតែឆេះរាលដាលខ្លាំងក្នុងទីក្រុងA Probra do Brollon។ ទីក្រុងនេះ ភ្លើងឆេះព្រៃ គ្របដណ្តប់លើផ្ទៃដីជាង៦០០ហិចតា។
យោងប្រព័ន្ធព័ត៌មានភ្លើងឆេះព្រៃនៅសហភាពអ៊ឺរ៉ុប នៅឆ្នាំនេះ នៅប្រទេសអេស្ប៉ាញ ភ្លើងឆេះព្រៃច្រើនជាង៤១១,០០០ហិចតា ជាចំនួនប្រហែល១០ដងធៀបនឹងការខាតបង់នៅឆ្នាំ២០២៤។
ប្រែសម្រួល៖ណាវ័ន្ត