ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្លែងក្នុងជំនួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក លី ជេម្យុង នៅសេតវិមានកាលពីថ្ងៃចន្ទ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយថា វាអាចមានផលវិបាកជាច្រើនប្រសិនបើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីអ៊ុយក្រែនលោក វ៉ូលឌីមៀ ហ្សឺឡិនមិនព្រមទៅកាន់តុចរចា។ លោក ត្រាំ បាននិយាយថា មេដឹកនាំទាំងពីរគួរតែជួបគ្នា ហើយលោកនឹងឃើញអ្វីកើតឡើងក្នុងពេលមួយ ឬពីរសប្តាហ៍ខាងមុខមុនពេលលោកចាត់វិធានការផ្សេងទៀត។
លោក ត្រាំ បាននិយាយថា ជម្លោះអ៊ុយក្រែនមានការពិបាកដោះស្រាយជាងអ្វីដែលលោកបានគិតទុកពីមុនទៅទៀត មួយផ្នែកដោយសារតែការមិនចង់ដោះស្រាយរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន។ នៅថ្ងៃនោះដែរ លោក ខេត ខេឡុក ប្រេសិតពិសេសរបស់លោក ត្រាំ បានធ្វើទស្សនកិច្ចនៅទីក្រុងកៀវរបស់អ៊ុយក្រែន និងបានជួបលោក ហ្សឺឡិនស្គី ដើម្បីពិភាក្សាអំពីការដាក់សម្ពាធលើរុស្ស៊ីឱ្យធ្វើការចរចាពិតប្រាកដស្ដីពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនរយៈពេលជាង៣ឆ្នាំមកនេះ។ លោក ហ្សឺឡិនស្គី បានសរសេរនៅលើគណនីXរបស់លោកថា លោកបានមានកិច្ចប្រជុំដ៏ល្អជាមួយបេសកជនពិសេសរូបនេះ។
លោកបានបន្ថែមថា ពួកគេបានពិភាក្សាអំពីរបៀបដាក់សម្ពាធលើរុស្ស៊ី បង្ខំពួកគេឱ្យចូលរួមក្នុងការចរចាពិតប្រាកដ និងបញ្ចប់សង្រ្គាម ហើយពួកគេក៏បានពិភាក្សាអំពីទណ្ឌកម្ម ពន្ធគយ និងបញ្ហាផ្សេងទៀតដូចជាកិច្ចសហការសន្តិសុខជាពិសេសទាក់ទងនឹងការទិញអាវុធ និងការអភិវឌ្ឍ និងការលក់យន្តហោះដ្រូនឱ្យអ៊ុយក្រែនតែម្ដង៕
ប្រែសម្រួល៖ ប៉ិច ស៊ីនួន