ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥

សហប្រជាជាតិលើកឡើងអំពីគ្រោះទុរភិក្ស និងការស្លាប់រាប់រយនាក់ដោយការអត់អាហារនៅហ្កាហ្សា

 

 

ពលរដ្ឋប៉ាឡេស្ទីនជាច្រើនគ្រួសារបានចាកចេញពីទីក្រុងហ្កាហ្សាកាលពីថ្ងៃអង្គារបន្ទាប់ពីមានការបាញ់ផ្លោងរបស់អ៊ីស្រាអែលទៅលើតំបន់ជាយក្រុងនេះ ខណៈនៅអ៊ីស្រាអែលមានការតវ៉ាពេញមួយថ្ងៃដើម្បីអំពាវនាវឱ្យមានការដោះលែងចំណាប់ខ្មាំង និងបញ្ចប់សង្រ្គាមនៅហ្គាហ្សា។ ពលរដ្ឋប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានបន្តបាញ់ផ្លោងតាមអាកាស និងបើករថក្រោះពេញមួយយប់ថ្ងៃចន្ទ និងព្រឹកថ្ងៃអង្គារដោយបំផ្លាញផ្លូវថ្នល់ និងផ្ទះសម្បែងជាច្រើន។

 

 

 

នៅឯអង្គការសហប្រជាជាតិ អ្នកនាំពាក្យលោក ស្ទេហ្វេន ឌូចារិក បាននិយាយថា ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍អំពីការស្លាប់ដោយសារខ្វះអាហារូបត្ថម្ភចំនួន៣នាក់ទៀតក្នុងពេល២៤ម៉ោងចុងក្រោយនេះដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់៣០៣នាក់ក្នុងនោះមានកុមារ១១៧នាក់។

 

 

 

លោកបាននិយាយថា មនុស្សជាង៣៦,០០០នាក់បានផ្លាស់ប្ដូរទីលំនៅក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលភាគច្រើនបានភៀសខ្លួនចេញពីទីក្រុងហ្កាហ្សាឆ្ពោះទៅកាន់ទីក្រុងឌែរអាល់បាឡា (Deir al-Balah) និងទីក្រុងខាន់យូនីស។ លោក ឌូចារិក បាននិយាយថា មន្ទីរពេទ្យនៅហ្គាហ្សាបានព្រមានអំពីការខ្វះខាតឈាមធ្ងន់ធ្ងរជាមួយតម្រូវការប្រចាំថ្ងៃជាង៣៥០ប្លោក ដូច្នេះហើយមានតម្រូវការឈាមបន្ថែមទៀតដើម្បីសង្គ្រោះជីវិត ប៉ុន្តែការបរិច្ចាគរបស់សហគមន៍បានធ្លាក់ចុះដោយសារតែគ្រោះទុរ្ភិក្ស និងកង្វះអាហារូបត្ថម្ភ។

 

 

លោក ឌូចារិក  បាននិយាយថា បេសកកម្មមនុស្សធម៌បានបន្តប្រឈមនឹងការរារាំងពីអាជ្ញាធរអ៊ីស្រាអែល ហើយលោកបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ និងបើកផ្លូវសម្រាប់ជំនួយមនុស្សធម៌ពេញលេញដោយគ្មានឧបសគ្គនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីប៕

 

ប្រែសម្រួល៖ ប៉ិច ស៊ីនួន


 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025