ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា ឆ្នាំ២០២៥
លោកប្រធានាធិបតីអាមេរិក Donald Trumpបានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំនយោបាយមួយស្តីពីសង្គ្រាមរបស់ប្រទេសអ៊ីស្រាអ៊ែលនៅតំបន់ហ្គាហ្សា និងផែនការក្រោយសង្គ្រាមសម្រាប់ទឹកដីប៉ាលេស្ទីនមួយនេះ នៅថ្ងៃពុធ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកTony Blair អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស និងលោកJared Kushnerអតីតប្រេសិតពិសេសរបស់ប្រធានាធិបតីTrump ទទួលបន្ទុកកិច្ចការតំបន់មជ្ឈឹមបូព៌ា។ នេះបើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់សេតវិមាន។
សារព័ត៌មានរ៉យទ័រ ឱ្យដឹងថា លោកប្រធានាធិបតីTrump,មន្ត្រីសេតវិមានជាន់ខ្ពស់,លោកBlairនិងលោកKushner បានពិភាក្សាពីវិបត្តិចំណាប់ខ្មាំង, ផែនការដើម្បីបង្កើនការផ្តល់ជំនួយស្បៀងអាហារ ,ផែនការក្រោយសង្គ្រាម ,រួមនិងកិច្ចការជាច្រើនផ្សេងទៀត។
លោក Steve Witkoff ប្រេសិតពិសេសអាមេរិក បាននិយាយនៅថ្ងៃអង្គារ(២៦សីហា)ថា លោកDonald Trumpប្រធានាធិបតីអាមេរិក នឹងធ្វើជាប្រធាននៃកិច្ចប្រជុំ ទៅលើបញ្ហាតំបន់ហ្គាហ្សា នៅសេតវិមាន នៅថ្ងៃពុធ(២៧សីហា)។ ប្រេសិតរូបនេះ បន្ថែមថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន រំពឹងថា សង្គ្រាមអ៊ីស្រាអ៊ែលនៅលើទឹកដីហ្គាហ្សា នឹងដោះស្រាយចប់នៅត្រឹមចុងឆ្នាំ២០២៥នេះ។
លោក Witkoff លើកឡើងថា អ៊ីស្រាអ៊ែលស្វាគមន៍ចំពោះកិច្ចពិភាក្សាជាមួយក្រុមឧទ្ទាមប៉ាលេស្ទីនហាម៉ាស់។ លោកWitkoff ក៏លើកឡើងដែរថា ក្រុមហាម៉ាស់ បានបង្ហាញថា ក្រុមរបស់ខ្លួន ស្វាគមន៍ចំពោះដំណោះស្រាយ។
សង្គ្រាមនៅតំបន់ហ្គាហ្សាចាប់ផ្តើមនៅខែតុលាឆ្នាំ២០២៣ បានសម្លាប់ប្រជាជនប៉ាលេស្ទីនច្រើនជាង៦ម៉ឺននាក់។ យោងអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សា។សង្គ្រាមនេះ បានបង្កឱ្យមានវិបត្តិកង្វះស្បៀងអាហារ,ប្រជាជនបាត់បង់ទីជម្រក និងនាំឱ្យមានការចោទបរកាន់ទៅលើឧក្រិដ្ឋកម្មសង្គ្រាម និងការប្រល័យពូជសាសន៍នៅតុលាការអន្តរជាតិផងដែរ។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវអ៊ីស្រាអ៊ែលបដិសេធ។
ប្រែសម្រួល៖ណាវ័ន្ត