ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ក្រុមហ៊ុនកម្សាន្តយក្សកូរ៉េខាងត្បូង HYBE បានរាយការណ៍ពីប្រាក់ចំណូលប្រចាំត្រីមាសទី២របស់ខ្លួនកាលពីថ្ងៃទី ៦ ខែសីហា ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ក្រោយសមាជិក BTS បញ្ចប់កាតព្វកិច្ចយោធាគ្រប់គ្នា។
រយៈពេល៣ខែនៃត្រីមាសទី២ឆ្នាំនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន HYBE បានកើនឡើង ១០.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន គិតជាទឹកប្រាក់គឺឈានដល់ ៧០៥ ពាន់លានវ៉ុន ឬប្រមាណ ៥០៩ លានដុល្លារ។ ចំណែកប្រាក់ចំណេញប្រតិបត្តិការក៏កើនឡើង ៣០% ដែរ ដោយឈានដល់ជិត ៦៦ ពាន់លានវ៉ុន ឬប្រមាណ ៤៧ លានដុល្លារអាមេរិក។
ប្រាក់ចំណូលភាគច្រើនបានមកពីការប្រគំតន្ត្រីទេសចរណ៍ ជាពិសេសការប្រគំតន្ត្រីទេសចរណ៍ទោលរបស់សមាជិកក្រុម BTS ដូចជា J-Hope និង Jin ។ ក្នុងនោះ ការប្រគំតន្ត្រី "Hope On The Stage" អាចលក់សំបុត្រចូលទស្សនាបានជិតកន្លះលានសន្លឹក ខណៈការប្រគំតន្ត្រីទេសចរណ៍លើកដំបូងរបស់ Jin ក៏ទទួលបានការគាំទ្រប្រហែលគ្នាដែរ។
ក្រុមហ៊ុន HYBE ក៏បានគូសបញ្ជាក់ផងដែរថា ចាប់តាំងពីការបញ្ចប់កាតព្វកិច្ចយោធារបស់ BTS មក ចំនួនអ្នកប្រើប្រាស់ Weverse ដែលគាំទ្រក្រុមនេះបានកើនឡើងជាលំដាប់ ដោយឈានដល់ ១២ លាននាក់។ តួលេខនេះបង្ហាញថា BTS នៅតែជាក្រុមចម្រៀងដែលមានឥទ្ធិពល និងជាកត្តាជំរុញដ៏សំខាន់នៃការរីកចម្រើនរបស់ក្រុមហ៊ុន។
លើសពីនេះ មានការប្រគំតន្ត្រីទេសចរណ៍របស់សិល្បករផ្សេងទៀតដូចជាក្រុម SEVENTEEN, TOMORROW X TOGETHER, និង LE SSERAFIM ។ ការប្រគំតន្ត្រីរបស់សិល្បករទាំងនេះមិនត្រឹមតែបង្កើតប្រាក់ចំណូលពីការលក់សំបុត្រប៉ុណ្ណោះទេ ប៉ុន្តែក៏អាចរកប្រាក់ចំណូលបានយ៉ាងច្រើនផងដែរពីការលក់ទំនិញអនុស្សាវរីយ៍ផ្សេងៗ។ជាក់ស្ដែង ប្រាក់ចំណូលនៃការប្រគំតន្ត្រីរបស់ HYBE បានកើនឡើង ៣១% ដល់ ១៣៦ លានដុល្លារ ខណៈប្រាក់ចំណូលពីការលក់វត្ថុអនុស្សាវរីយ៍គឺកើនឡើង ៤០% ដល់ ១១០ លានដុល្លារ។
ដោយឡែកប្រាក់ចំណូលពីការលក់ចម្រៀងគឺបានប្រមាណ ១៦៥ លានដុល្លារ ដែលធ្លាក់ចុះ ៨% ធៀបនឹងឆ្នាំមុន។ទន្ទឹមនោះ HYBE ក៏បានរៀបចំរចនាសម្ព័ន្ធអាជីវកម្មនៅអាមេរិករបស់ខ្លួនឡើងវិញផងដែរ ដោយបានប្រតិបត្តិការជាផលិតកម្មចម្រៀង ជាជាងពឹងផ្អែកតែលើប្រាក់ចំណូលពីការគ្រប់គ្រងសិល្បករមួយមុខ។ ពួកគេជឿថា ប្រាក់ចំណូលពីការគ្រប់គ្រងផលិតកម្មចម្រៀងនឹងមាននិរន្តរភាពជាង ហើយចំណូលពីផ្នែក Streaming ក៏មានស្ថេរភាពជាងដែរ ៕
ប្រែសម្រួល៖ វ៉ាន់ថន