ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥

Coach កម្មវិធី Rapper Fighter ឃីងឈី នាំនិងភរិយាទៅវះកាត់ប្តូរក្រលៀននៅ ឥណ្ឌា ដោយរំពឹងទទួលលទ្ធផលជោគជ័យ

០៦ សីហា ២០២៥ | កម្សាន្ដ

 

នៅទីបំផុតក្តីសង្ឃឹម និងពន្លឺថ្មីនៃជីវិតរបស់ភរិយាតារារ៉េបស្តេចពាក្យជួន King Chi ក៏ត្រូវបំភ្លឺឡើង ក្រោយទទួលបានឱកាសចេញទៅព្យាបាលជម្ងឺខូចតម្រងនោម នៅប្រទេសឥណ្ឌា។ អ្នកនាង ខេង ម៉ាណូឡែន ភរិយាស្តេចពាក្យជួន King Chi បានបង្ហោះដំណឹងល្អនេះឱ្យហ្វេនៗកាលពីថ្ងៃទី៤ ខែសីហា កន្លងទៅនេះ។

 

 

តាមគម្រោង ម្ចាស់បទ «១ស្មើរ» King Chi និងភរិយា បានធ្វើដំណើរចាកចេញពីកម្ពុជាឆ្ពោះទៅប្រទេសឥណ្ឌា កាលពីថ្ងៃទី៥ ខែសីហា ម្សិលមិញ និងបានចុះចតដល់ទឹកដីប្រទេសឥណ្ឌាប្រកបសុខសុវត្ថិភាពហើយ។ នេះបើតាមការបញ្ជាក់របស់ភរិយា King Chi លើគណនីហ្វេសប៊ុកផ្លូវការរបស់នាង។

 

 

ក្នុងដំណើរឆ្ពោះទៅការវះកាត់ប្តូរក្រលៀនថ្មី Coach កម្មវិធីប្រឡងចម្រៀង Rapper Fighter រដូវកាលទី១ King Chi បានជូនពរភរិយាលោកថា «សន្យាថានឹងត្រឡប់មកវិញជាមួយសុខភាពល្អរឹងមាំណា៎»។

 

 

មិនតែប៉ុណ្ណោះ ថ្មីៗនេះ King Chi ក៏បានបង្ហោះពាក្យពេចន៍យ៉ាងក្តុកក្តួលថា «ស្អែកម៉ោង5ល្ងាច ចេញទៅហេីយជឿជាក់ថាគ្រប់យ៉ាងនឹងប្រសើរឡេីង ទី1-ប្រទេសជាតិសុខសាន្ត ទី2-ប្រពន្ធជាពីជំងឺ ជាកាដូរធំបំផុតសម្រាប់ខ្ញុំក្នុងជីវិតនេះ» ធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត និងបានផ្ញើរសារលើកកម្លាំងចិត្តលោក និងភរិយាគ្រប់ៗគ្នា។

 

 

យ៉ាងណាមិញ មកទល់ពេលនេះ King Chi និងភរិយា ពុំទាន់លម្អិតឱ្យដឹងពីដំណើរការព្យបាល និងការវះកាត់ប្តូរក្រលៀនថ្មីនៅមន្ទីរពេទ្យឥណ្ឌានោះឡើយ ប៉ុន្តែគេជឿជាក់ថា ការវះកាត់នឹងត្រូវធ្វើឡើងឆាប់ៗនេះ ដើម្បីភរិយាលោកឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវ។ 

 

 

King Chi និងភរិយា អ្នកនាង ខេង ម៉ាណូឡែន ទទួលបានពាក្យពេចន៍ជូនពរល្អៗជាច្រើនពីអ្នកជុំវិញខ្លួន ហើយអ្នកគាំទ្រប្តីប្រពន្ធគូរនេះក៏បានជូនពរឱ្យដំណើរការវះកាត់ប្រកបដោយជោគជ័យផងដែរ៕

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ភីអិនអិន និងហ្វេសប៊ុក

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025