ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ការប្រកួតផ្តាច់ព្រ័ត្រត្រូវបានពន្យាពេល ហុចឱកាសឱ្យ ហ្វីយ៉ាតា បានបង្ហាញសក្កានុពលកាន់តែខ្លាំងឡើង សូម្បីអ្នកគាំទ្រក៏ពេញចិត្តស្តូកចំពោះអ្វីដែលនាងធ្វើនាពេលនេះ។
កាលពីថ្ងៃទី២៥ ខែកក្កដា កន្លងទៅ ស្ថាប័ន Miss Universe Cambodia បានប្រកាសពន្យារពេលនៃការប្រកួតផ្ដាច់ព្រ័ត្រ កម្មវិធីកញ្ញាឯកចក្កវាឡកម្ពុជា ឆ្នាំ២០២៥ ដោយសារបញ្ហា ថៃ ឈ្លានពាន កម្ពុជា ដោយស្ថាប័ននឹងជូនដំណឹងសារជាថ្មី នៅពេលដែលស្ថានភាពបានធូរស្រាលឡើងវិញ។
ដោយសារការប្រកួតផ្តាច់ព្រ័ត្រត្រូវបានពន្យារពេល បេក្ខភាពផ្លូវការទាំង ២០រូបនៃកម្មវិធី Miss Universe Cambodia 2025 មានឱកាសបានចូលរួមសកម្មភាពមនុស្សធម៌ផ្សេងៗ ដែលប្រជាជនកម្ពុជាទាំងអស់កំពុងរួបរួមគ្នាក្នុងការពង្រឹងស្មារតី ផ្ដល់ការគាំទ្រ លើកទឹកចិត្តទៅដល់កងកម្លាំងជួរមុខ ដែលកំពុងការពារទឹកដីពីការឈ្លានពាន។
ក្នុងនោះផងដែរបេក្ខភាពឆ្នើម ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា បានដុតដៃដុតជើងយ៉ាងសស្រាក់សស្រាំក្នុងការរ៉ៃអង្គាសថវិកាជួយដល់បងប្អូនជនភៀសសឹក និងវីរៈកងទ័ពជួរមុខ ថែមទាំងបានប្រើប្រាស់សម្លេងដ៏មានឥទ្ធិពលរបស់ខ្លួនផលិតជាវិដេអូបង្ហាញទៅកាន់ពិភពលោកឱ្យដឹងពីហេតុការណ៍ពិតដែលកើតឡើងក្នុងប្រទេសកម្ពុជា។
មិនទាន់អស់នៅឡើយទេ ហ្វីយ៉ាតា ក៏បានចេញមុខចេញមុខព្រលះតារាថៃមិនញញើតដៃ ដែលពួកគេហ៊ានធ្វើទង្វើប្រមាថមកលើជីវិតប្រជាជនកម្ពុជាយើង ដែលនេះទង្វើដ៏សែនថោកទាប និងអសីលធម៌បំផុត។
ភាពសកម្មរបស់ ហ្វីយ៉ាតា ធ្វើឱ្យអ្នកគាំទ្រពេញចិត្តលើរូបនាងស្តូកតែម្តង ដែលក្នុងនាមបេក្ខភាពប្រកួតបវរកញ្ញាម្នាក់ នាងហ៊ានងើបឈរនិយាយការពារប្រទេសជាតិរបស់ខ្លួន ទាំងមិនខ្វល់ថា មាន ឬគ្មានមកុដលើក្បាលនោះឡើយ។
ទង្វើររបស់ ហ្វីយ៉ាតា បង្ហាញឱ្យឃើញសក្កានុពលរបស់នាងរឹតតែខ្លាំង ខណៈការប្រកួតផ្តាច់ព្រ័ត្រនៅពន្យារនៅឡើយ តែយ៉ាងណាអ្នកគាំទ្រមានសុទិដ្ឋិនិយមថា អ្នកម្តាយសម័យថ្មី ហ្វីយ៉ាតា កំពុងដើរត្រូវផ្លូវ ហើយអ្វីដែលនាងធ្វើហាក់បីដូចជាការសន្សំពិន្ទុសម្រាប់ខ្លួនឯងក្នុងការប្រកួត Miss Universe Cambodia 2025៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន