ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ការប្រឡងចម្រៀងរ៉េបដ៏ធំសម្បើម Rapper Fighter រដូវកាលទី២ កំពុងតែចាប់ផ្តើម តែ OG Golden ម្ចាស់ជយលាភី Rapper Fighter រដូវកាលទី១ បែរជាអួលដើមករនិយាយស្ទើរមិនចេញ ពេលនឹកឃើញដល់រដូវកាលទី២នេះ គ្មានវត្តមាន រុទ្រកូ ដែលជាអតតីគ្រូបង្វឹករបស់លោក។
រយៈពេលច្រើនខែមកហើយដែលតារារ៉េបល្បីឈ្មោះ និងជា Coach កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំសម្បើម Rapper Fighter រដូវកាលទី១ លោក ដាវិឌ ឬទ្ធិរុទ្រ ហៅ រុទ្រកូ បានចាកឆ្ងាយពីមិត្តភ័ក្តបងប្អូន និងអ្នកគាំទ្រគ្មានថ្ងៃត្រឡប់។ ទោះរូបកាយរសាយទៅ តែក្តីស្រលាញ់ ការអាណិត ភាពកក់ក្តៅ និងអនុស្សាវរីយ៍ល្អៗ ដែលធ្លាប់មានឱ្យគ្នានៅតែដិតដាមជាប់អារម្មណ៍ជានិច្ចដរាប។
ស្របពេលកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំអស្ចារ្យ RAPPER FIGHTER រដូវកាលទី២ កំពុងរៀបចំឡើង គ្រប់គ្នាបានបង្ហាញក្តីនឹករឮកយ៉ាងខ្លាំងចំពោះ រុទ្រកូ ហើយរឹតរំភើបពេលឮ លោក រ៉ូមីអូ ផលិតករដឹកនាំកម្មវិធី RAPPER FIGHTER បានប្រកាសថា គ្មាន Rapper ណាមួយមកជំនួសតំណែងកៅអី Coach រុទ្រកូ នោះឡើយ ពោរគឺក្រុមការងារសុខចិត្តរក្សាតំណែងកៅអីនេះឱ្យទំនេរ ដើម្បីដល់ស្នាដៃ និងការលះបង់យ៉ាងធំធេងរបស់ RuthKo សម្រាប់រដូវកាលទី១។
ការរក្សាតំណែងកៅអី រុទ្រកូ ឱ្យនៅដដែរ ធ្វើឱ្យ មាន ប៊ុណ្ណាលិ ហៅ OG Golden ម្ចាស់ជយលាភី Rapper Fighter រដូវកាលទី១ ដួលដើមករនិយាយស្ទើរមិនចេញពេលនឹកឃើញដល់ រដូវកាលទី២ គ្មានវត្តមានគ្រូបង្វឹករបស់ខ្លួន។ តែយ៉ាងណា OG Golden ជឿជាក់ កម្មវិធីនឹងដំណើរការបានល្អ ហើយលោកគ្រូរបស់ខ្លួននឹងនៅទៅនេះជាមួយពួកយើង។
មាត់ថា មិនអី តែចិត្តរបស់ OG Golden នៅតែនឹករឮកលោកគ្រូខ្លាំង ដូច្នេះគ្រាន់តែបើកកម្មវិធីសន្និសីទប្រកាសកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំអស្ចារ្យ RAPPER FIGHTER រដូវកាលទី២ ភ្លាម OG នឹកឃើញដល់លោកគ្រូតែម្តង។
សូមជម្រាបផងដែរថា RAPPER FIGHTER រដូវកាលទី ២ កំពុងចាប់ផ្តើមជាផ្លូវការ ដោយមានការឧបត្ថម្ភផ្តាច់មុខដោយ GANZBERG SNOW សហការជាមួយស្ថានីយទូរទស្សន៍ភីអិនអិន គឺជាទំរង់នៃការប្រឡងចម្រៀងរ៉េប រៀបចំឡើងយ៉ាងសម្រិតសម្រាំង ដែលមានលក្ខណៈពិសេសជាច្រើន ទាំងការរចនាស្ទាយបែប Khmer Hip-Hop នៃវគ្គនីមួយៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាចុះឈ្មោះ ដោយប្រើ QR កូដ និងតំណរភ្ជាប់ Link ងាយស្រួលក្នុងការទិញពាក្យពីគ្រប់ទីកន្លែងទូទាំងប្រទេស។
ងាយមែនទែន! ដើម្បីដាក់ពាក្យចូលរួមប្រឡងចម្រៀងរ៉េប RAPPER FIGHTER គ្រាន់តែចុច Link ផ្លូវការ https://www.addmii.com/e/RapperFighterSeason2 ឬស្កេន QR កូដលើផ្ទាំងផ្សព្វផ្សាយនានារបស់កម្មវិធី រួចបំពេញព័ត៌មាន និងវីដេអូបង្ហាញទេពកោសល្យនៃការរ៉េប ជាមួយការចុះឈ្មោះទិញពាក្យត្រឹមតែ ១ម៉ឺនរៀលប៉ុណ្ណោះ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងភីអិនអិន