ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០៩ ខែសីហា ឆ្នាំ២០២៥
ភាពយន្តភាគបុរាណរបស់ ចិន “អ្នកគ្រប់គ្រងជោគវាសនា” ដែលមានរជាតិថ្មីប្លែក ទស្សនិកជនមិនធ្លាប់ទស្សនាពីមុនមកនឹងលេចវត្តមានលើកញ្ចក់ទូរទស្សន៍ PNN នាដើមសប្ដាហ៍ក្រោយនេះហើយ។
នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សប្ដាហ៍ក្រោយនេះ រឿងភាគ ចិន បុរាណថ្មីសន្លាងមួយនឹងត្រូវចូលខ្លួនមកបម្រើអារម្មណ៍ទស្សនិជន គឺរឿង “អ្នកគ្រប់គ្រងជោគវាសនា”។ គ្រាន់តែក្រឡេកឃើញចំណងជើងនៃរឿងទស្សនិកជនប្រហែលជាអាចស្មានដឹងហើយថាសាច់រឿងមួយនេះច្បាស់ជាមានពាក់ព័ន្ធនឹងវិញ្ញាណពិសេសអ្វីម្យ៉ាងដែលអាចមើលធ្លុះពីជោគវាសនានៃមនុស្សបាន។
ខ្សែភាពយន្តភាគដ៏សម្រិតសម្រាំងមួយនេះនឹងពាំនាំ សាច់រឿងដ៏ប្រទាក់ក្រឡាគ្នា រួមនឹងតួអង្គពោរពេញដោយបទពិសោធន៍លើវិថីសម្ដែង ដែលធានាថាទស្សនិកជនបានទស្សនាហើយប្រាកដជាជក់ចិត្តជាក់ជាមិនខាន។
ដំណើរសាច់រឿងត្រួសៗនៃរឿង “អ្នកគ្រប់គ្រងជោគវាសនា” គឺ Liu Shi Shi គឺជាតួឯកស្រីនៅក្នុងរឿងនេះ នាងសម្តែងជាតួ យាក ពីងអាន ដែលមានអត្តចរឹតស្ងៀងស្ងាត់ ម៉ត់ ចត់ ម៉ឺងម៉ាត់។ នាងបានជាប់ពាក់ព័ន្ធនឹងរឿងក្តីចាស់សម្ងាត់មួយ ទើបត្រូវធ្វើដំណើរមកដល់ក្រុងឆាងអានដើម្បីស្វែងរកការពិត។
អ្វីដែលគួរអោយចាប់អារម្មណ៍ នាងគឺជាអ្នកដែលចេះព្យាបាលដោយប្រើវិធីអាថ៍កំបាំង និងអាចគ្រប់គ្រងចិត្តមនុស្សបាន វាជាមូលហេតុដែលធ្វើអោយគ្រប់គ្នាមានការព្រួយបារម្ភ និងភ័យខ្លាចចំពោះនាង។
មានពេលមួយក៏មានឃាតកម្មកើតឡើង ហើយគ្រប់គ្នាសុទ្ធតែសន្និដ្ឋានថា យាកពីងអានគឺជាអ្នកសម្លាប់។ តើនាងគឺពិតជាឃាតករ ឬគ្រាន់តែជាជនរងគ្រោះដោយគ្រាន់តែត្រូវបានគេចោទប្រកាន់?
ចំណែកឯតារាប្រុស Shawn Dou គឺជាតួឯកប្រុស។ នៅក្នុងរឿងនេះ Shawn Dou សម្តែងជាតួ យួន សៅឈឹង ដែលជាចៅក្រមដែលមានឋានៈទាប ហើយក៏ប្រាថ្នាចង់បានអំណាច គាប់ជួនពេលមានរឿងឃាតកម្មកើតឡើងគេក៏ឆ្លៀតឱកាសនេះស្វែងរកការពិត ហើយក៏ដើម្បីបានឡើងឋានៈផងដែរ។
តើការពិតអ្នកណាជាឃាតករពិតប្រាកដ? យួន សៅឈឹង ពិតជាអាចស្វែងរកការពិតឃើញដែរទេ? កុំភ្លេចរង់ចាំតាមដានទស្សនារឿង អ្នកគ្រប់គ្រងជោគវាសនា ចាក់ផ្សាយនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ សប្ដាហ៍ក្រោយនេះហើយនៅលើកញ្ចក់ទូរទស្សន៍ PNN រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩:០០ ដល់ម៉ោង ១០:០០ យប់ ៕
អត្ថបទ និងរូបភាព៖ PNN