ថ្ងៃព្រហស្បតិ៍ ទី០៧ ខែសីហា ឆ្នាំ២០២៥

តារាចម្រៀងល្បីៗនាំគ្នាបញ្ចេញបទចម្រៀង បង្ហាញភាពឈឺចាប់ពីទង្វើឈ្លានពានរបស់ ថៃ លើ កម្ពុជា ប្រាប់ទៅកាន់ពិភពលោក

០៥ សីហា ២០២៥ | កម្សាន្ដ

 

 

តារាចម្រៀង និងតារារ៉េបល្បីៗ នាំគ្នាប្រើប្រាស់សម្លេងដ៏ពិរោះរណ្តំរបស់ពួកគេស្រែកច្រៀងប្រាប់ពិភពលោកពីភាពឈឺចាប់របស់ប្រជាពលរដ្ឋខ្មែរ ដែលបង្កឡើងដោយទង្វើរឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។

 

 

ម៉្យាងម្នាក់ពី Influencer ល្បីៗដែលបានពួតដៃគ្នាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដ៏មានឥទ្ធិពលរបស់ពួកគេ ដើម្បីបកស្រាយប្រាប់ពីហេតុការណ៍ពិតដែលបានកើតឡើងលើប្រទេសកម្ពុជាឱ្យពិភពលោកបានដឹង តារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា ក៏នាំគ្នាផលិតចម្រៀងរៀបរាប់ពីអារម្មណ៍ឈឺចាប់ខ្លាំងចំពោះទង្វើរឈ្លានពានរបស់ថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាយើងផងដែរ។

 

 

ពាក្យពេចន៍រៀបរាប់បង្ហាញក្តីឈឺចាប់ពីការបាត់បង់ ត្រូវបានតារាចម្រៀង និងតារារ៉េបល្បីៗ ដាក់បញ្ចូលទៅក្នុងបទចម្រៀងរបស់ពួកគេរៀងៗខ្លួន ជាមួយអារម្មណ៍មនោសញ្ចេតនា ភាពឈឺចាប់ពីដែលប្រជាពលរដ្ឋខ្មែរត្រូវរងទុក្ខ ការបំផ្លិចបំផ្លាញផ្ទះសម្បែង ផលប៉ះពាល់ និងការបំផ្លិចបំផ្លាញទីតាំងជុំវិញ ក៏ដូចជារចនាសម្ព័នផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាមរតតវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនកម្ពុជា។ 

 

 

បទចម្រៀងទាំងនោះស្តាប់ទៅរឹតតែឈឺចាប់ខ្លាំង នៅពេលរំឮកដល់វីរៈភាពអង់អាចក្លាហានរបស់វីរៈកងទ័ពជួរមុខ ដែលបានពលីសាច់ស្រស់ឈាមស្រស់ក្នុងការការពារបូរណភាពជាតិ និងការលះបង់យ៉ាងធំធេងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាសង្គ្រាមតាមបន្ទាត់ព្រំដែន ដើម្បីឱ្យប្រជាជនខ្មែរទទួលបានសន្តិភាពយ៉ាងពេញលេញ។

 

 

បទចម្រៀងនីមួយៗរបស់តារាចម្រៀង និងតារារ៉េបល្បីៗ សុទ្ធសឹងតែទទួលបានការគាំទ្រខ្លាំងក្លាពីប្រជាជនខ្មែរ ថែមទាំងបានល្បីខ្ទរខ្ទាយទៅកាន់ពិភពលោកថែមទៀតផង ដោយថ្មីៗនេះគេឃើញអ្នកធ្វើវីដេអូ reation ជនជាតិបរទេសជាច្រើនបានលើកយកស្នាដៃចម្រៀងរបស់ តារារ៉េប វណ្ណដា ចំណងជើង «១ សីហា» ទៅធ្វើ reation យ៉ាងព្រោងព្រាត ហើយបទចម្រៀងនេះទៀតសោតបានចាក់ដោតទម្លុះចិត្តអ្នកស្តាប់យ៉ាងខ្លាំង ព្រោះវាបង្កប់ភាពឈឺចាប់ ការលះបង់ និងការពលីរបស់វីរៈកងទ័ពក្នុងការការពារបូរណភាពជាតិ និងមានអ្នកចុចទស្សនាបទនេះរាប់លានដងឯណោះ។

 

 

រីឯ បទចម្រៀងរបស់តារាផ្សេងៗទៀតក៏ទទួលបានការគាំទ្រខ្លាំងមិនខុសគ្នាប៉ុន្មានឡើយ។ការរួបរួមសាមគ្គីរបស់សិល្បករមកពីប្រភពផ្សេងគ្នានាពេលនេះ បង្ហាញពីឈាមជ័រជាខ្មែរ ស្មារតីជាខ្មែរតែមួយ ហើយអ្វីដែលគ្រប់គ្នាធ្វើគឺការរួបរួមគ្នា ការពារដែនដីសុវណ្ណភូមិ បញ្ឈប់សង្គ្រាម និងស្វែងរកសន្តិភាពប្រជាពលរដ្ឋខ្មែរយើង៕


 

 


អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឯកសារ និងហ្វេសប៊ុក

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025