ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥

ក្រុមចម្រៀង កូរ៉េ បែបយុវវ័យ Nchive ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រ កម្ពុជា

៣១ កក្កដា ២០២៥ | កម្សាន្ដ

 

អ្នកទន្ទឹងរង់ចាំរបស់អ្នកគាំទ្រក្លាយជាការពិតហើយ ទីបំផុតក្រុមចម្រៀង K-Pop ផ្នែកបុរស Nchive (អិនខាយ) ធ្វើដំណើរមកដល់កម្ពុជាហើយ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រកម្ពុជា។

 

 

អ្នកគាំទ្រកម្ពុជាច្រើនកុះករបានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះការធ្វើដំណើរមកប្រគំតន្ត្រីនៅទឹកដីព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងរបស់ក្រុមចម្រៀងកូរ៉េបែបយុវវ័យកំពុងល្បីឈ្មោះ Nchive (អិនខាយ) កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ម្សិលមិញនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ 

 

 

ដំណើរទស្សនកិច្ចអមដោយការប្រគំតន្ត្រីរបស់ក្រុមចម្រៀងយុវវ័យ Nchive (អិនខាយ) នៅកម្ពុជាមានរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥។

 

 

តាមគម្រោងសមាជិកទាំង ៦រូប របស់ Nchive គឺ Kang San , Ha L , Yuchan , Ju Youn , N និង E-an នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់សាលារៀន និងចូលរួមព្រឹត្តការណ៍បើកដំណើរការកម្មវិធីជាផ្លូវការ AngkorLife នាដើមខែសីហា ខាងមុខនេះ។ 

 

 

មិនតែប៉ុណ្ណោះ Nchive (អិនខាយ) ក៏មានការសម្តែងពិសេសនៅក្លឹបកម្សាន្តផងដែរ ហើយក៏ឆ្លៀតពេលធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីស្វែងយល់ពីសិល្បៈវប្បធម៌ដ៏រស់រវើករបស់ខ្មែរយើង។

 

 

មកដល់ទឹកដីកម្ពុជាភ្លាម ក្រុមចម្រៀងកូរ៉េ Nchive រំភើបចិត្តពេលបានជួបអ្នកគាំទ្រកម្ពុជាដោយផ្ទាល់ ថែមទាំងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅទៀតផង។ដំណើរទស្សនកិច្ចអមដោយការប្រគំតន្ត្រីរបស់ក្រុមចម្រៀង K-Pop ផ្នែកបុរស NCHIVE នេះ គឺជាកម្មវិធី «NCHIVE Promotion Cambodia Tour» ហើយកម្មវិធីនេះផងដែរ រៀបចំឡើងដោយផលិតកម្ម K’ve Entertainment៕

 

 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច និងផ្តល់ឱ្យ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025