ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
តារាកីឡាកាសដ៏ល្បីឈ្មោះ Hulk Hogan ដែលជាអ្នកធ្វើឱ្យកីឡាកាសក្លាយជាកម្មវិធីកម្សាន្តល្បីល្បាញទូទាំងពិភពលោក បានទទួលមរណភាពកាលពីពេលថ្មីៗក្នុងអាយុ ៧១ ឆ្នាំ។
ស្ថាប័ន WWE បានប្រកាសតាមរយៈបណ្ដាញសង្គម X អំពីដំណឹងមរណភាពរបស់តារាកីឡាកាស Hulk Hogan ដោយសរសេរថា៖ “ពួកយើងមានការសោកស្ដាយខ្លាំងដែលទទួលដំណឹងថាម្ចាស់រហស្សនាម WWE Hall of Famer Hulk Hogan បានទទួលមរណភាព។
លោក Hogan បានជួយឱ្យ WWE សម្រេចបានការទទួលស្គាល់ជាសាកលក្នុងទសវត្សរ៍ឆ្នាំ 1980"។ យ៉ាងណាមិញ ស្ថាប័ននេះមិនបានផ្តល់មូលហេតុនៃការស្លាប់របស់តារាកីឡាកាសរូបនេះនោះទេ។
គួររំឭកថា លោក Hulk Hogan បានក្លាយជាតារាកីឡាកាសអាជីពក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ដោយបានជួយបំប្លែងការប្រកួតកីឡាកាសពីទស្សនីយភាពពិបាកមើលទៅជាកម្មវិធីកម្សាន្តលក្ខណៈគ្រួសារដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ពេលវេលាដ៏សំខាន់មួយនៅក្នុងការវិវត្តន៍នោះបានកើតឡើងនៅឯព្រឹត្តិការណ៍ WrestleMania III extravaganza ក្នុងឆ្នាំ ១៩៨៧ នៅពេលដែលលោកប្រកួតជាមួយ André the Giant។
លោក Hogan បានលើកកិត្តិនាមវិស័យកីឡាកាសនៅហូលីវូដដោយបានសម្តែងក្នុងខ្សែភាពយន្តបាញ់ប្រហារមួយចំនួនដូចជា "Rocky III" និង "Santa With Muscles" និងបានបន្តវិលមកសង្វៀនវិញជារឿយៗនៅពេលដែលសុខភាពរាងកាយអំណោយផល ៕
ប្រែសម្រួល៖ វ៉ាន់ថន