ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
គ្រាន់តែស្ងាត់ស្នូរកាំភ្លើងនៅបន្ទាត់ព្រំដែនភ្លាម តារាចម្រៀងឯករាជ្យ ពេជ្រ សូលីកា ស្រក់ទឹកភ្នែកម៉ាត់ៗក្រាបថ្វាយបង្គំប្រាសាទអង្គរវត្ត ដើម្បីឧទ្ទិសកុសលដល់វីរៈភាពកងទ័ពខ្មែរដែលពលីប្ដូរផ្ដាច់ការពារជាតិមាតុភូមិយើង។
ក្រោយជោគជ័យលើការដើរថ្មើរជើងសន្តិភាព នៅផ្លូវថ្មើរជើងមុខព្រះបរមរាជវាំង កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ តារាចម្រៀងឯករាជ្យ ពេជ្រ សូលីកា បានប្រមូលគ្នាកៀរករជាមួយអ្នកជំនួញល្បីៗ និងអ្នកគាំទ្រជាច្រើនរូប ដើម្បីធ្វើការដើរថ្មើរជើងនៅលើទឹកដីខេត្តសៀមរាប ក្នុងគោលបំណងបង្ហាញពីការគោរពទៅដល់ប្រមុខថ្នាក់ដឹកនាំ ក៏ដូចជារំលឹកគុណទៅដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពខ្មែរ ដែលបានពលីប្ដូរផ្ដាច់ការពារជាតិមាតុភូមិយើង។
ការដើរថ្មើរជើងនៅលើទឹកដីខេត្តសៀមរាបនេះ ចាប់ផ្តើមនៅម៉ោង ៥,៤០នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ចាប់ពីបរិវេណប្រាសាទអង្គរវត្ត ឆ្ពោះទៅកាន់ទីលានជល់ដំរី ។ មុនពេលចាប់ផ្ដើមកម្មពិធី ម្ចាស់បទ «ហេតុអ្វីយើងបែកគ្នា» តារាចម្រៀង ពេជ្រ សូលីកា បានប្រកាសឱ្យដឹងថា ដំណើរថ្មើរជើងនេះធ្វើឡើងដើម្បីរំលឹកនូវការដឹងគុណយ៉ាងក្រៃលែងទៅដល់ប្រមុខថ្នាក់ដឹកនាំកម្ពុជា បងៗវីរៈកងទ័ពជួរមុខទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ និងពលីជីវិតដើម្បីជាតិមាតុភូមិ។
រៀបរាប់ទាំងអួលដើមករ ពេជ្រ សូលីកា អះអាងដោយទឹកចិត្តក្លាហានថា ប្រសិនបើបញ្ហានៅតែបន្តកើតមាន នាងក៏នៅតែបន្តធ្វើយុទ្ធនាការការដើរថ្មើរជើងនេះបន្តទៀតឥតឈប់ឈរ។
មែនទែនទៅ នេះមិនមែនជាលើកទីមួយដែលតារាចម្រៀងរាងតូចច្រឡឹង ពេជ្រ សូលីកា ប្រមូលផ្តុំគ្នាធ្វើការដើរថ្មើរជើងនោះឡើយ ដោយកន្លងមកតារាចម្រៀងស្រីដែលមានឆន្ទៈដ៏មុះមុតរូបនេះ បានប្រមូលផ្ដុំគ្នាជាមួយអ្នកគាំទ្រជាច្រើនកុះករនៅផ្លូវថ្មើរជើងមុខព្រះបរមរាជវាំង ម្តងរួចមកហើយ ថែមទាំងមានកាន់ផ្ទាំងពិដានានាបង្ហាញពីការចង់បាននូវសន្តិភាពរបស់ប្រទេសកម្ពុជា។
សកម្មភាពរបស់ ពេជ្រ សូលីកា នាពេលនោះទទួលបានការចាប់អារម្មណ៍ និងស្ងប់ស្ងែងយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានដើរកំសាន្តនៅលើផ្លូវថ្មើជើងផងដែរ។ ក្រៅពីសកម្មភាពទាំងអស់នេះ សូលីកា ក៏ជាបុគ្គលម្នាក់ដែលសកម្មនៅលើបណ្ដាញសង្គមក្នុងការស្រែកទាមទាររកយុត្តិធម៌ និងសន្តិភាពសម្រាប់ជាតិកម្ពុជាដែលត្រូវបានឈ្លានពានដោយកងទ័ពថៃផងដែរ។ សូម្បី Aries កូនប្រុសបណ្តូលចិត្តនាងក៏ចូលរួមជាមួយគ្នាផងដែរតាមរយៈវីដេអូទាមទារឱ្យមានសន្តិភាព កាលពីពេលថ្មីៗកន្លងទៅ៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ហ្វេសប៊ុក