ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥
ទូរទស្សន៍រដ្ឋតៃវ៉ាន់ត្រៀមចេញផ្សាយរឿងភាគថ្មីនិយាយពីរឿងរ៉ាវជម្លោះរវាងតៃវ៉ាន់និងប្រទេសចិនមានចំណងជើងថា “Zero Day Attack”។“Zero Day Attack” រឿងភាគទូរទស្សន៍ថ្មីរបស់តៃវ៉ាន់ដែលនិយាយពីសង្គ្រាមជាមួយប្រទេសចិនបានរៀបចំពិធីសម្ពោធនិងចាក់ផ្សាយពិសេសសម្រាប់ភាគដំបូងកាលពីពេលថ្មីៗ រយៈពេលមួយសប្ដាហ៍មុនចាក់ផ្សាយជាសាធារណៈ។
សាច់រឿងនៃភាពយន្តបានចាប់ផ្តើមដោយហេតុការណ៍ដែលចិនបានបញ្ជូននាវា និងយន្តហោះយោធាជាច្រើនដើម្បីបិទកោះតៃវ៉ាន់ បន្ទាប់ពីយន្តហោះចម្បាំងចិនមួយគ្រឿងបានបាត់ខ្លួននៅក្បែរកោះតៃវ៉ាន់។ បន្ទាប់មកភាពចលាចលបានកើតមានឡើងនៅតាមដងផ្លូវនៃទីក្រុងតៃប៉ិ បន្ទាប់ពីតៃវ៉ាន់បានជ្រើសរើសប្រធានាធិបតីថ្មី។
ទស្សនិកជនដែលបានចូលរួមពិធីសម្ពោធបានសម្តែងការគាំទ្រចំពោះការចាក់ផ្សាយរឿងរ៉ាវជម្លោះជាមួយនឹងប្រទេសចិនតាមទូរទស្សន៍ ជាអ្វីដែលពួកគេមើលឃើញថាជាការដាស់តឿនដល់សាធារណជនរបស់តៃវ៉ាន់។
លោក Blair Yeh ជាវិស្វករអាយុ ៣៥ ឆ្នាំមួយរូបនិយាយថា ការបង្ហាញស្ថានភាពជម្លោះបែបនេះ អាចនាំឱ្យមានការពិភាក្សាបន្ថែមទៀតអំពីអ្វីដែលប្រជាជនតៃវ៉ាន់គួរធ្វើ ប្រសិនបើរឿងរ៉ាវទាំងនោះអាចក្លាយទៅជាការពិតនៅថ្ងៃណាមួយ។
អស់រយៈពេលជាច្រើនឆ្នាំ សង្រ្គាមជាមួយចិនត្រូវបានចាត់ទុកថាជាប្រធានបទរសើបខ្លាំងសម្រាប់អ្នកផលិតភាពយន្តតៃវ៉ាន់ និងអ្នកបង្កើតកម្មវិធីទូរទស្សន៍នានា ដោយសារការភ័យខ្លាចបាត់បង់សិទ្ធិចូលទៅកាន់ទីផ្សារចិន។
ភាពយន្តភាគថ្មីនេះគ្រោងនឹងចាក់ផ្សាយតាមប្រព័ន្ធអ៊ីនធឺណិត និងនៅលើកញ្ចក់ទូរទស្សន៍រដ្ឋតៃវ៉ាន់នៅថ្ងៃទី ២ ខែសីហា ហើយការចាក់ផ្សាយនៅប្រទេសជប៉ុននិងប្រទេសផ្សេងទៀតនឹងបន្តតាមក្រោយក្នុងពេលឆាប់ៗ ៕
ប្រែសម្រួល៖ វ៉ាន់ថន