ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥
ស្នាដៃពិពរ័ណ៌ទោលលើកទី២ របស់សិល្បករ ព្រហ្ម អ៊ីរ៉ូ កំពុងតាំងបង្ហាញជាសាធារណៈ នៅទីស្នាក់ការស្នារដ្ឋបាលសិល្បៈ ចាប់ពីថ្ងៃ២៦ ខែមិថុនា ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។
សិល្បករ ព្រហ្ម អ៊ីរ៉ូ បាននាំមកជូននូវពិពរ័ណ៌ទោលលើកទី២ របស់ខ្លួន ឈ្មោះថា «នេត្រាទស្សន៍» ដែលជាការប្រមូលផ្តុំនូវបទពិសោធន៍ បច្ចេកទេស និងគំនិតថ្មី ដើម្បីបង្ហាញពីទេសភាពស្ថាបត្យកម្មបែបសហគមន៍។ ស្នាដៃទាំងនេះ ជំរុញឱ្យអ្នកទស្សនាចំណាយពេលគិតទូលំទូលាយពីបញ្ហាប្រឈមនានាដែលសង្គមបច្ចុប្បន្នកំពុងប្រឈមមុខនៅក្នុងទិសដៅនៃការអភិរក្ស និងអភិវឌ្ឍន៍បរិស្ថាន។
«នេត្រាទស្សន៍» ជាស្នាដៃរូបថត ការដកបទពិសោធន៍លើបច្ចេកទេសសម្លេង និងកម្រងរូបភាពឯកសារនៃការស្រាវជ្រាវនាពេលកន្លងមក។ ដោយការមើលទៅធម្មជាតិ និងការសង្កេងលើទេសភាពស្ថាបត្យកម្មដែលបង្កើតឡើងដោយមនុស្សជាមួយទេសភាពស្ថាបត្យកម្មធម្មជាតិក្នុងសមុទ្រ។ សិល្បករបង្ហាញពីការប្រមូលផ្តុំគំនិត បច្ចេកទេស ការប្រាស្រ័យទាក់ទងគ្នារវាងមនុស្ស និងធម្មជាតិ ភាពរអេងឆ្ងល់ ការព្រួយបារម្ភ និងការពិចារណាជ្រាលជ្រៅលើបរិស្ថាន និងអនាគត។
ស្នាដៃរូបថត ការដកពិសោធន៍លើបច្ចេកទេសបង្កើតសម្លេង និងកម្រងរូបថតឯកសារមួយចំនួនពីស៊េរីរូបថត អង្គេតសាគរ ជាការងារកំពុងបន្តពីឆ្នាំ២០២០រហូតដល់បច្ចុប្បន្ននេះដែរ បានដាក់បង្ហាញនៅវិចិត្រសាលទីពិរ និងទីបី។ សិល្បករ អ៊ីរ៉ូ បានចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះធម្មជាតិ និងស្ថាបត្យកម្មជំរុញឱ្យមានការស្រាវជ្រាវលើទំនាក់ទំនងស្មុគស្មាញរវាងបរិស្ថានធម្មជាតិនៅក្នុងសមុទ្រ និងស្ថាបត្យកម្មទេសភាព។
អ៊ីរ៉ូ សង្គេតឃើញថា ផ្កាថ្មមានទម្រង់ដូចជាស្ថាបត្យកម្មដ៏ស្រស់ស្អាតដែលបង្កើតឡើងដោយធម្មជាតិ។ ផ្កាថ្ម និងទេសភាពស្ថាបត្យកម្ម បង្កើតស្រទាប់ជាច្រើនស្អេកស្កះក្នុងប្រព័ន្ធអេកូឡូស៊ី វាពិតណាស់ប្រព័ន្ធអេកូឡុស៊ី ដែលមានសុខភាពល្អវាជួយគាំទ្រដល់សុខុមាលភាពប្រចាំថ្ងៃនៃការរស់នៅរួមគ្នារវាងសត្វ ជីវចម្រុះជាមួយជម្រកធម្មជាតិ សីតុណ្ហភាពនៃបាតសមុទ្រ និងសហគមន៍មនុស្ស។
ក្នុងស្នាដៃនេហយើងមើលឃើញមានខ្សែបន្ទាត់ពន្លឺនៅជុំវិញ និងឆ្លងកាត់លើផ្កាថ្មដែលបង្ហាញពីទេសភាពស្ថាបត្យកម្ម។ ខ្សែបន្ទាត់ពន្លឺទាំងនេះអាចជាការបំភ្លឺ ការកើនរំលឹកស្មារតីសាធារណៈចំពោះស្ថាបត្យកម្មធម្មជាតដ៏អស្ចារ្យ និងជាសិល្បៈសម្រាប់ការពារព្រំដែនធម្មជាតិ។ ស្នាដៃទាំងនេះ បង្ហាញឱ្យឃើញពីសោភណ័ភាពស្ថាបត្យកម្មធម្មជាតិ ហើយក៏ជាការដាស់ស្មារតីអ្នកទាំងអស់គ្នាឱ្យយកចិត្តទុកដាក់អំពីផលប៉ះពាល់នៃសកម្មផាពរបស់មនុស្សទៅលើសមុទ្រ។
បច្ចុប្បន្ន «នេត្រាទស្សន៍» របស់សិល្បករ ព្រហ្ម អ៊ីរ៉ូ កំពុងតាំងបង្ហាញជាសាធារណៈ នៅទីស្នាក់ការស្នារដ្ឋបាលសិល្បៈ ដែលមានអាស័យដ្ខាន ផ្ទះលេខ១៦ ផ្លូវបេតុងវត្តនិរោធ (បុរី សម្បត្តិមានហេង៣) ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃ២៦ ខែមិថុនា ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ សូមធ្វើការទំនាក់ទំនងជាមុន សម្រាប់ការណាត់ជួបទស្សនាស្នាដៃពិពរ័ណ៌ទោល «នេត្រាទស្សន៍»៕
អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ផ្តល់ឱ្យ