ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥
ក្រោយពីការទន្ទឹងរង់ចាំពីទស្សនិកជនយ៉ាងអន្ទះសាពីវត្តមានកម្មវិធីស្នាដៃកូនខ្មែរដ៏ល្បី Rapper Fighter សម្រាប់រដូវកាលទី២ ពេលនេះដំណឹងផ្លូវការបានចេញមកហើយ ដោយកម្មវិធីនេះនឹងមានវត្តមានជាថ្មីលើកញ្ចក់ទូរទស្សន៍ PNN ឆាប់ៗនេះ។កម្មវិធីប្រឡងចម្រៀងរ៉េបដ៏ល្បីរបស់ស្ថានីយទូរទស្សន៍ PNN Rapper Fighter ដែលទទួលបានការគាំទ្រជាខ្លាំងពីមហាជនក្នុងរដូវកាលទី១ ពេលនេះកម្មវិធីបានប្រកាសជាផ្លូវការហើយថា រដូវកាលទី២នឹងមានវត្តមានឆាប់ៗ។
តាមរយៈផេកផ្លូវការរបស់ Rapper Fighter បានចេញមកបញ្ជាក់បែបនេះថា៖"ដំណើរប្រកួតប្រជែងទៅរកអនាគតរបស់អ្នក ឆាប់ៗនេះ x RAPPER FIGHTER រដូវកាលទី ២"។ការចេញមកបញ្ជាក់ជាផ្លួវការពីវត្តមាន រដូវកាលទី២របស់កម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះ ខណៈកន្លងទៅទស្សនិកជន ក៏ដូចជាអ្នកនិយមតាមដានកម្មវិធីប្រឡងច្រៀងរ៉េបមួយនេះ ហាក់មានការស្រពិចស្រពិតពីកម្មវិធីមួយនេះថា មានឬអត់ ក្រោយពីអ្នកផលិតកម្មវិធី និងផេកផ្លូវការកម្មវិធីនេះ ហាក់មិនច្បាស់លាស់។
យ៉ាងណាក្រោយពីឃើញផេក Raper Fighter ដាក់ច្បាស់ៗថា រដូវកាលទី២នឹងមានវត្តមានឆាប់ៗ ធ្វើឱ្យមហាជន និងអ្នកតាមដានចូលចិត្តការប្រឡើងចម្រៀងរ៉េប បានបង្ហាញការសាទរ និងរីករាយជាខ្លាំង ខណៈរដូវកាលទី២នេះ ពួកគេជឿជាក់ថានឹងកាន់តែទទួលការគាំទ្រពីទស្សនិកជន។ ក្នុងនោះផងដែរបណ្ដាមិត្តយុវវ័យ បេក្ខជនជាច្រើន កំពុងទន្ទឹងរង់ចាំការប្រកាសលក់ពាក្យចូលរួមប្រកួតប្រជែងកម្មវិធីនេះ។
សូមបញ្ជាក់ថា Rapper Fighter ជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏ធំបង្កើតឡើងដោយស្នាដៃកូនខ្មែរសុទ្ធសាធ។ ក្រោមការសម្រិតសម្រាំងយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារ និងផលិតករនៃស្ថានីយ៍ទូរទស្សន៍ទំនើបភីអិនអិន រដូវកាលទី១នៃការប្រឡងចម្រៀងរ៉េប Rapper Fighter បានបញ្ចប់ទៅភាពជោគជ័យគួរជាទីមោទនៈ ដោយយើងជ្រើសរើសបានជយលាភី Top 5 យ៉ាងល្អស័ក្កសមជាពន្លឺដ៏ត្រចះត្រចង់នៃសិល្បៈរ៉េបជំនាន់ថ្មី។
ដ្បិតជាការរៀបចំលើកទី១ តែកម្មវិធី Rapper Fighter ផ្ទុះការគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីពីប្រជាជនកម្ពុជាទូទាំងប្រទេស ដោយវីដេអូចម្រៀងរ៉េបចាស់ៗរបស់បេក្ខភាពឆ្នើមៗនៃកម្មវិធី Rapper Fighter រដូវកាលទី១ មានអ្នកចុចចូលទស្សនាជិត 300M views ហើយវីដេអូភាគច្រើនដែលចែកចាយលើបណ្តាញសង្គមសុទ្ធតែមានអ្នកចុចចូលទស្សនាខ្ទង់លានដង ដែលនេះបង្ហាញពីសក្កានុពលដ៏ខ្លាំងក្លារបស់សិល្បៈរ៉េប និងជយលាភី Top 5 របស់ Rapper Fighter រដូវកាលទី១។សម្រាប់រដូវកាលទី២នេះ កម្មវិធីនឹងរៀបចំកាន់តែប្លែកទាក់ទាញថែមទៀត ជាមួយបេក្ខភាពដែលគេជឿជាក់ថាកាន់តែមានការប្រកួតប្រជែងដ៏ស្វិតស្វាញ៕
អត្ថបទ៖ PNN រូបភាព៖ ឃាង ទូច និង ហ្វេសប៊ុក