ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥
ថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥
មនុស្សយ៉ាងហោចណាស់៣៤នាក់ស្លាប់ នៅតំបន់ភាគឦសាន ប្រទេសឥណ្ឌា ក្រោយទឹកជំនន់ខ្លាំង បណ្តាលឱ្យបាក់ដីក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ ។ ជាមួយគ្នាការិយាល័យឧតុនិយមឥណ្ឌា បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត។ យោងអាជ្ញាធរ និងសារព័ត៌មានឥណ្ឌាផ្សាយនៅថ្ងៃច័ន្ទ(២មិថុនា)។
អ្នកទេសចរណ៍ច្រើនជាង១០០០នាក់ ដែលជាប់នៅរដ្ឋSikkim ក្នុងតំបន់ជួរភ្នំហិម៉ាល័យ ត្រូវជម្លៀសនៅថ្ងៃច័ន្ទ។ យោងសេចក្តីថ្លែងការណ៍រដ្ឋាភិបាលឥណ្ឌា។ ចំណែកក្រុមយោធាសង្គ្រោះ ត្រូវបានបញ្ជូនទៅរដ្ឋMeghalaya ដើម្បីសង្គ្រោះមនុស្សច្រើនជាង៥០០នាក់ដែលជាប់នៅក្នុងតំបន់រងគ្រោះទឹកជំនន់។
ចំណែកប្រទេសបង់ក្លាដេសដែលជាប្រទេសក្បែរខាងនិងប្រទេសឥណ្ឌា គ្រួសារមួយដែលមានសមាជិក៤នាក់ត្រូវស្លាប់នៅក្នុងគ្រោះមហន្តរាយបាក់ដីនៅស្រុកSylhet ហើយអាជ្ញាធរបានបើកទីជម្រកបណ្តោះអាសន្នជាច្រើនកន្លែងដើម្បីឱ្យប្រជាជនរងគ្រោះបានស្នាក់នៅ។
អាជ្ញាធរ បានព្រមានពីគ្រោះមហន្តរាយបាក់ដី និងទឹកជំនន់ភ្លាមៗ និងបានជំរុញឱ្យប្រជាជនក្នុងតំបន់ងាយរងគ្រោះរក្សាការប្រុងប្រយ័ត្ន។
តំបន់ភាគឦសាននៃប្រទេសឥណ្ឌា និងប្រទេសបង់ក្លាដែស ងាយនឹងមានភ្លៀងធ្លាក់ខ្លាំង ដែលបង្កឱ្យមានការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំ។
ប្រែសម្រួល៖ណាវ័ន្ត