ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥

តារាសម្តែងល្បីៗ ៨រូប លេចមុខបំបែករឿងក្តីឃាតកម្មស្លាប់បណ្តាក់គ្នាក្នុង ប្រលោមលោកកុំអាន

០៧ ឧសភា ២០២៥ | កម្សាន្ដ

 

ត្រូវចិត្តអ្នកចូលចិត្តទស្សនារឿងរន្ធត់ព្រឺព្រួចម៉ាច់តែម្តង រឿង «ប្រលោមលោកកុំអាន» ឬ «E-Book» ធ្វើឱ្យអ្នកទស្សនាភ្ញាក់កន្ត្រាក់អារម្មណ៍ ដោយសារភាពព្រឺព្រួច និងការបំបែកក្តីឃាតកម្មស្លាប់បណ្តាក់គ្នាក្នុង «ប្រលោមលោកកុំអាន»។

 

 

«ប្រលោមលោកកុំអាន» ឬ «E-Book» ជាវណ្ណកម្មស្នាដៃភាពយន្តថ្មីរបស់ផលិតកម្ម LD Entertainment ជាភាពយន្តរន្ធត់បែបឃាតកម្មដ៏ព្រឺព្រួច ផ្តើមចេញពីសៀវភៅប្រលោមលោកបកប្រែពីភាសាបារាំងមួយក្បាល បានធ្វើឱ្យអ្នកអានជាច្រើននាក់ស្លាប់បណ្ដាក់គ្នា រហូតក្លាយជាអាថ៌កំបាំងមិនអាចដោះស្រាយចេញ។ ភាពយន្តនេះមានការចូលរួមសម្ដែងពីតារាល្បីៗ រួមទាំងតារាយុវវ័យ ៨រូប។

 

 

ភាពយន្តដ៏រន្ធត់ព្រឺព្រួចនេះ បានសម្ភោធចាក់បញ្ចាំងជាផ្លូវការកាលពីល្ងាចថ្ងៃទី៦ ខែឧសភា ម្សិលមិញ នៅទីតាំង នៅរោងភាពយន្ត Prime Samai Square ដោយមានការចូលរួមពីផលិតករ តារាសម្តែង និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

 

 

លោក ឌៀប សិលា អ្នកដឹកនាំសម្ដែងភាពយន្តផ្ទាល់ បានលើកឡើងអំពីភាពប្លែកថ្មីដែលផលិតកម្ម LD Entertainment មិនធ្លាប់បង្ហាញនៅក្នុងភាពយន្តកន្លងមក និងមានឈុតឆាកពញ្ញាក់អារម្មណ៍ច្រើនក្នុងភាពយន្តមួយនេះ ដែលធ្វើឱ្យអ្នកទស្សនាមើលហើយដិតដាម។ 

 

 

ជាមួយគ្នានោះ កញ្ញា មុន្នី វិជ្ជរ៉ា និងលោក ដារ៉ាត់ បានបង្ហាញចំណាប់អារម្មណ៍ចំពោះការសម្ដែងភាពយន្ត ដែលអ្នកទាំងពីរបានចូលខ្លួនទៅដោះបណ្ដាសារអាថ័នដ៏អាថ៌កំបាំងដែលជាប់ក្នុងសៀវភៅនោះ។ 

 

 

បន្ថែមពីលើនោះ តារាយុវវ័យទាំង ២ដួងនេះ លោក ឡូរ៉េន កញ្ញា ពិសី និងលោក ពុទ្ធារិទ្ធ សុទ្ធតែបង្ហាញពីភាពលះបង់សម្រាប់ការសម្ដែងភាពយន្តនេះ ដើម្បីឱ្យអ្នកទស្សនាស្លុងអារម្មណ៍ជាមួយភាពព្រឺព្រួចភ័យខ្លាច។ អ្វីដែលសំខាន់ រឿងនេះមានចំនុចទាក់ទាញ និងចំនុចព្រឺព្រួចជាច្រើនដែលអ្នកទស្សនាមិនចាប់អារម្មណ៍។
 

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025