ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ថ្ងៃសុក្រ ទី១៨ ខែមេសា ឆ្នាំ២០២៥
ក្រុមចម្រៀងខេប៉ុបនារី Le Sserafim បានជាប់ចំណាត់ថ្នាក់កំពូល ២សប្ដាហ៍ជាប់ៗគ្នាក្នុងតារាង Billboard World Album ខណៈតារាខេប៉ុបជាច្រើនទៀតក៏បានជាប់ចំណាត់ថ្នាក់ក្នុងតារាងនេះដែរ។
គេហទំព័រតន្ត្រីអាមេរិក Billboard ទើបតែចេញផ្សាយតារាងចំណាត់ថ្នាក់អាល់ប៊ុមចម្រៀងទូទាំងពិភពលោក សម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ៥ ខែមេសា ដោយមានអាល់ប៊ុមពីតារាខេប៉ុបជាច្រើនបានជាប់ចំណាត់ថ្នាក់កំពូលៗ។ ជាក់ស្ដែង អាល់ប៊ុមខ្នាតតូចថ្មីរបស់ LE SSERAFIM មានចំណងជើងថា “HOT” នៅតែជាប់ចំណាត់ថ្នាក់លេខ១ ដូចសប្ដាហ៍មុនដែរ។
ទន្ទឹមនឹងនេះ អាល់ប៊ុមពិសេស “HOP” របស់ក្រុមបុរស Stray Kids បានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងសប្តាហ៍ទី ១៥ ជាប់ៗគ្នានៅលើតារាងមួយនេះ។ ចំណែកអាល់ប៊ុម "Unexpected" របស់ក្រុម THE BOYZ បានបង្ហាញខ្លួននៅលេខ ៤ ក្នុងសប្តាហ៍នេះ ខណៈដែលអាល់ប៊ុមតូចថ្មីរបស់ក្រុមនារី NMIXX គឺ "FORWARD" បានឡើងដល់លេខ ៦ ក្នុងសប្តាហ៍ទីពីររបស់ខ្លួននៅលើតារាងនេះ។
អាល់ប៊ុមទោល “MUSE” របស់ Jimin ក្រុម BTS បានជាប់លេខ ៧ ក្នុងសប្តាហ៍ទី ៣៦ របស់ខ្លួន ខណៈអាល់ប៊ុម “ROMANCE : UNTOLD” របស់ ENHYPEN ជាប់ចំណាត់ថ្នាក់លេខ ៨ ក្នុងសប្តាហ៍ទី ៣៧ របស់ខ្លួន។
ចំណែក អាល់ប៊ុម "Proof" របស់ BTS ដែលចេញតាំងពីឆ្នាំ ២០២២ នៅតែទទួលបានការគាំទ្រខ្លាំងដោយបានជាប់ចំណាត់ថ្នាក់លេខ ៩ ក្នុងសប្តាហ៍ទី ១៤៦ របស់ខ្លួននៅលើតារាងនេះ ស្របពេលអាល់ប៊ុម "ATE" របស់ Stray Kids បានឡើងមកលេខ ១០ ក្នុងសប្តាហ៍ទី ៣៦ របស់ខ្លួន។
អាល់ប៊ុម “CRAZY” របស់ LE SSERAFIM ជាប់ចំណាត់ថ្នាក់លេខ ១៤ ក្នុងសប្តាហ៍ទី ២៩ របស់ខ្លួន តាមពីក្រោយដោយអាល់ប៊ុម “Get Up” របស់ NewJeans ដែលបានជាប់លេខ ១៥ ក្នុងសប្តាហ៍ទី ៨១ របស់ខ្លួន។
អាល់ប៊ុម “GOLDEN HOUR : Part.2” របស់ក្រុម ATEEZ បានជាប់ចំណាត់ថ្នាក់លេខ ១៧ ក្នុងសប្តាហ៍ទី ១៩ របស់ខ្លួន ហើយអាល់ប៊ុមទោលដំបូងរបស់ Yeji ក្រុម ITZY មានចំណងជើងថា “AIR” ស្ថិតនៅលេខ ១៨ ក្នុងសប្តាហ៍ទីពីររបស់ខ្លួន ៕
ប្រែសម្រួល៖ វ៉ាន់ថន