ថ្ងៃសុក្រ ទី១១ ខែមេសា ឆ្នាំ២០២៥

សមាជិក BTS ចូលរួមយ៉ាងសកម្មជួយអ្នករងគ្រោះដោយសារភ្លើងឆេះព្រៃនៅកូរ៉េ

០៤ មេសា ២០២៥ | កម្សាន្ដ

 

សមាជិក BTS ចូលរួមយ៉ាងសកម្មជួយអ្នករងគ្រោះដោយសារភ្លើងឆេះព្រៃនៅកូរ៉េ ទាំងការចូលរួមបរិច្ចាគជាទឹកប្រាក់ចូលខ្ទង់លានដុល្លារ និងចុះធ្វើការស្ម័គ្រចិត្តផ្ទាល់ដល់តំបន់រងគ្រោះ។

 


Jin សមាជិកក្រុម BTS ថ្មីៗនេះត្រូវបានគេប្រទះឃើញចែកអាហារដោយឥតគិតថ្លៃដល់ជនរងគ្រោះដោយសារភ្លើងឆេះព្រៃដ៏ធំនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ផ្អែកតាមការបញ្ជាក់ពីផលិតកម្ម Big Hit Entertainment តារាចម្រៀងរូបនេះបានធ្វើការស្ម័គ្រចិត្តក្នុងទីក្រុង Andong កាលពីថ្ងៃទី ៣ មេសា នៅសាលារៀនមួយដែលត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលសង្គ្រោះសម្រាប់អ្នករងផលប៉ះពាល់។

 


វត្តមានរបស់ Jin ក្នុងប្រតិបត្តិការសង្គ្រោះនេះមិនត្រឹមតែជាការផ្តល់អាហារប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ការគាំទ្រផ្លូវចិត្តដល់ជនរងគ្រោះនិងក្រុមការងារសង្គ្រោះផងដែរ ខណៈពេលកំពុងចែកអាហារ លោកបានចំណាយពេលនិយាយពាក្យលួងលោម និងលើកទឹកចិត្តទៅកាន់ពួកគេ។

 


គួរបញ្ជាក់ថា មនុស្សប្រហែល ៤៧០០ នាក់នៅខេត្ត Gyeongang ខាងជើង ត្រូវបានផ្លាស់ទីលំនៅដោយសារភ្លើងឆេះព្រៃរាលដាលជាងមួយសប្ដាហ៍កាលពីចុងខែមីនា ដោយបានឆាបឆេះផ្ទៃដីប្រហែល ៤៨ ០០០ ហិកតា ស្មើនឹងប្រហែល ៨០ ភាគរយនៃទីក្រុងសេអ៊ូល ដែលក្លាយជាគ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏សាហាវបំផុតរបស់ប្រទេសកូរ៉េ។ ទីក្រុង Andong គឺជាទីក្រុងមួយក្នុងចំនោមទីក្រុង និងស្រុកចំនួនប្រាំដែលរងផលប៉ះពាល់ខ្លាំង។

 

 


ទង្វើសប្បុរសរបស់ Jin គឺជាផ្នែកមួយនៃការគាំទ្រជាបន្តបន្ទាប់របស់ BTS សម្រាប់ជនរងគ្រោះដោយភ្លើងឆេះព្រៃ បន្ទាប់ពីសមាជិកផ្សេងទៀតបានធ្វើការបរិច្ចាគយ៉ាងច្រើន ដូចជា Jungkook បានបរិច្ចាគ ១ ពាន់លានវ៉ុន ស្មើនឹងជិត ៧០ម៉ឺនដុល្លារ, V បានបរិច្ចាគ ២០០ លានវ៉ុន ខណៈ RM, J-Hope និង Suga បានបរិច្ចាគក្នុងម្នាក់ៗ ១០០ លានវ៉ុន ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025