ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា អគារស្នាក់នៅរបស់គ្រូបង្រៀន ទីចាត់ការ និងអគារកាត់ដេរ នៅវិទ្យាល័យ ហ៊ុនសែន វាលរេញ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាគ្រោងវិនិយោគនូវទំហំទឹកប្រាក់ជិត ១ ពាន់លានដុល្លារអាមេរិក នៅជំហានទី៣ សម្រាប់អភិវឌ្ឍចំណតកំពង់ផែខេត្តព្រះសីហនុ ដើម្បីប្រែក្លាយទឹកនៃខេត្តសមុទ្រមួយនេះទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាពេលដ៏ខ្លីខាងមុខនេះ។
ក្នុងឱកាសនោះ សម្តេចមហាបវរធិបតី បានលើកឡើងថា ការសាងសង់ចំណតកំពង់ផែថ្មី ដែលចំណាយថវិការហូតដល់ទៅជិត ១ពាន់លានដុល្លារអាមេរិកនេះ គឺដើម្បីពង្រីកសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ឱ្យកាន់តែខ្លាំងក្លាថែមទៀត ដែលឆ្លើយតមតាមកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជា ខណៈខេត្តព្រះសីហនុ គឺជាខេត្តនាំមុខគេនៅកំពង់ផែទឹកជ្រៅ កម្ពុជាមានកំពង់ផែខេត្តកំពត កំពង់ផែកោះកុង និងផែផ្សេងៗទៀត ដោយជំហានទី១ ចំណាយថវិកាជាង ២០០ លានដុល្លារអាមេរិក ដែលជាឥណទានរបស់ជប៉ុន។
សម្តេចមហាបវរធិបតី បានបន្ដថា នៅសល់ ២ដំណាក់កាលទៀតនូវទំហំទឹកប្រាក់ជាង ៦០០ លានដុល្លារអាមេរិក ដែលកម្ពុជាវិនិយោគធំណាស់នៅក្នុងខេត្តព្រះសីហនុ មិនត្រឹមតែជាកំពង់ផែទេ តែរៀបចំជាតំបន់ភស្តុភាកកម្ម នៃប្រព័ន្ធឡូជីស្ទីកតំបន់។ទន្ទឹមនឹងនេះ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី នឹងប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នជាកំពង់ផែអន្តរជាតិខ្នាតតូច ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំដែលអនុញ្ញាតឱ្យនាវាកុងតឺន័រធុនធំមានផ្លូវដឹកជញ្ជូន ពីគ្រប់តំបន់នៅក្នុងពិភពលោកអាចចូលចតបាន ដោយពុំមានឧបសគ្គលើជម្រៅទឹកទៀតឡើយ។ គម្រោងទាំងនេះនឹងផ្តល់ផលចំណេញសេដ្ឋកិច្ចប្រមាណ ២៣% និងផលប្រយោជន៍ហិរញ្ញវត្ថុប្រមាណ ៧% ផងដែរ។
សូមបញ្ជាក់ថា គម្រោងកំពង់ផែសាងសង់ទាំង ៣ជំហាន នឹងប្រើប្រាស់ថវិកាសរុបប្រមាណ ៩៧៣ លានដុល្លារអាមេរិក ក្នុងនោះ ឥណទានសម្បទានពីរដ្ឋាភិបាលនៃប្រទេសជប៉ុនចំនួនប្រមាណ ៧៦០ លានដុល្លារអាមេរិក ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ពន្ធអាករផ្សេងៗមានចំនួនប្រមាណ ១៩២ លានដុល្លារអាមេរិក និងថវិកាផ្ទាល់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុមានចំនួនប្រមាណ ២១ លានដុល្លារអាមេរិក៕
អត្ថបទ៖ ថុន សុេកតុមាលា រូបភាព៖ ក្រុមការងារនាយករដ្ឋមន្ត្រី