ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥

កម្ពុជា ជំរុញសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ សម្លឹងមើលឱកាសពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

២៦ មីនា ២០២៥ | សេដ្ឋកិច្ច

 

កម្ពុជា លើកទឹកចិត្តដល់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សម្លឹងមើលឱកាសពង្រីកការវិនិយោគរបស់ខ្លួន ទៅលើវិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា ដែលជាការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។

 

 

ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានស្នើ និងជំរុញសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) សិក្សាពង្រីកប្រតិបត្តិការនៅកម្ពុជា ទាំងទំហំនិងវិសាលភាពនៃការវិនិយោគលើវិស័យផ្សេងទៀត ក្រៅពីវិស័យធនាគារ និងហិរញ្ញវត្ថុ។

 


ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានចែករំលែកជាសង្ខេបអំពីសាវតា និងដំណើរការវិវត្តនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IFC នៅកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងការវិនិយោគ។ 

 


ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើង ពីភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រនយោបាយនៅលើសាកលលោក ជាពិសេសការធ្វើពាណិជ្ជកម្មដែលជាកត្តាចាំបាច់ នៃការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរវាង IFC និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បញ្ហាប្រឈម និងកាលានុវត្តភាពនានា។

 


ជាការឆ្លើយតប លោកស្រី Towfiqua Hoque បានទទួលយកសំណើ និងសន្យានាំសំណើរាយការណ៍ជូនថ្នាក់ដឹកនាំ IFC ដើម្បីពិនិត្យលទ្ធភាពពង្រីកប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ដោយផ្ដោតលើវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម កសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការដឹកជញ្ជូន ខណៈភាគីទាំងពីរក៏បានពិភាក្សា អំពីស្ថានភាពនៃវិស័យឥណទាន និងការធានាស្ថិរភាពហិរញ្ញវត្ថុ ដោយរួមទាំងយន្តការបង្ការវិបត្តិផងដែរ។

 


ជាចុងក្រោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមចំណែករបស់ IFC ក្នុងការទ្រទ្រង់ដល់កិច្ចអភិវឌ្ឍវិស័យឯកជននៅកម្ពុជា ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ និងចីរភាព៕
 

 

 

អត្ថបទ៖ ថុន សុកេតុមាលា រូបភាព៖ ឯកសារ 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2025