ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
ថ្ងៃអង្គារ៍ ទី០១ ខែមេសា ឆ្នាំ២០២៥
និយ័តករមូលបត្រកម្ពុជា និង UN Women សហការជាមួយផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំព្រឹត្តិការណ៍បន្លឺសំឡេងកណ្តឹងដើម្បីសមភាពយេនឌ័រ ជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ នារសៀលថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥ UN Women សហការជាមួយ និយ័តករមូលបត្រកម្ពុជា ផ្សារមូលបត្រកម្ពុជា និងធនាគារ អេស៊ីលីដា បានរៀបចំកម្មវិធី បន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ សម្រាប់ស្ត្រី និងយុវតីទាំងអស់ ដោយព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមពិភពលោកដោយផ្សារហ៊ុនអន្តរជាតិ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី និងជំរុញសកម្មភាពឆ្ពោះទៅរក សមភាពយេនឌ័រ។
លោកជំទាវ កែវ ចរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារយេនឌ័រនៃក្រសួងសេដ្ឋកិច្ច បានគូសបញ្ជាក់ថា កម្មវិធីបន្លឺសំឡេងកណ្តឹង ដើម្បីសមភាពយេនឌ័រ ប្រព្រឹត្តទៅលើកដំបូងនៅកម្ពុជា គឺជាគំនិតផ្តូចផ្តើមសកលមួយ ដែលមានគោលបំណងលើកកម្ពស់ការយល់អំពី សារៈសំខាន់ និងតួនាទីស្នូល នៃសមភាពយេនឌ័រ ក្នុងការសម្រេចឱ្យបាននូវ កំណើនសេដ្ឋកិច្ចមួយ ប្រកបដោយនិរន្តរភាព និងបរិយាបន្ន។នាឱកាសនោះ ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថា សម្រាប់វិស័យមូលបត្រ អ្នកបើកគណនីជួញដូរប្រមាណ ៣៨% គឺជាស្រ្តី ហើយនិយ័តករមូលបត្រកម្ពុជា នឹងរៀបចំដាក់ចេញនូវ វិធានការផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ដល់ សមភាពយេនឌ័រ បន្ថែមទៀត។
លោកស្រី ម៉ារ អមរា ប្រធាននាយកប្រតិបត្តិស្តីទី ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ក្នុងនាមជាធនាគារពាណិជ្ជនាំមុខក្នុងវិស័យធនាគារ ធនាគារ អេស៊ីលីដា ចូលរួមក្នុងការប្រកួតប្រជែងលក្ខណៈចម្រុះ និងបរិយាបន្ន ដោយធានាថា សំឡេងរបស់ស្ត្រីត្រូវបានឮ និងឱ្យតម្លៃដល់កម្មករនិយោជិតគ្រប់ជាន់ថ្នាក់ ហើយនឹងបន្តលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងយុវតីគ្រប់រូប និងធានានូវផលប្រយោជន៍សម្រាប់សង្គម និងសេដ្ឋកិច្ចឱ្យបានកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា នៅដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារអេស៊ីលីដា មានចំនួនបុគ្គលិកសរុបទាំងអស់ចំនួនជិត ១ម៉ឺន ២ពាន់នាក់ ដោយស្រ្តីមានចំណែកស្មើនឹង ៣៩% (ក្នុងនោះមានស្ត្រី ៤ រូប និងបុរស ៤រូប ជាគណៈគ្រប់គ្រងជាន់ខ្ពស់) ព្រមទាំងមានចំនួនបុគ្គលិក ដែលជាស្ថិតក្នុងលំដាប់គណៈគ្រប់គ្រងសរុបទាំងអស់ចំនួនជាង ២ពាន់នាក់ ក្នុងនោះស្រ្តីមានចំនួនជិត ៧០០នាក់ ស្មើនឹង ៣២%។ បន្ថែមពីនេះ ធនាគារ អេស៊ីលីដា មានភាគហ៊ុនិកសាធារណៈសរុបចំនួនជិត ២ម៉ឺននាក់ ក្នុងនោះមានស្រ្តី ៨ពាន់នាក់ ស្មើនឹង ៤០%៕
អត្ថបទ៖ ងួន សុភ័ត្រ្តា រូបភាព៖ អ៊ិន អាត